បង្ក្រាបល្បែងស៊ីសងនៅខេត្តព្រះវិហារ សមត្ថកិច្ចឃាត់ខ្លួនអ្នកញៀនល្បែង ៨នាក់ និងដកហូតវត្ថុតាងបទល្មើសបានជាច្រើនប្រភេទ

0

ខេត្តព្រះវិហារ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឆ្មក់បង្ក្រាបទីតាំងបើកល្បែងស៊ីសងមួយកន្លែង ឃាត់ខ្លួនក្រុមអ្នកញៀនល្បែងប្រុស ស្រី ៨នាក់ ដកហូតបានវត្ថុតាងបទល្មើស និងវត្ថុតាងដែលបម្រើឲ្យការប្រព្រឹត្តបទល្មើស បានជាច្រើនប្រភេទ នៅក្នុងប្រតិបត្តិការកាលពីរសៀលថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២២ ស្ថិតនៅភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកកូលែន ខេត្តព្រះវិហារ។

នៅក្នុងរបាយការរបស់ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ខេត្តព្រះវិហារ បានបង្ហាញថា នៅក្នុងប្រតិបត្តិការបង្ក្រាបល្បែងស៊ីសង មានបៀរ និងអាប៉ោង កាលពីរសៀលថ្ងៃទី១១កុម្ភះម្សិលមិញនោះ កម្លាំងព្រហ្មទណ្ឌខេត្ត បានធ្វើឡើងក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ ពីស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា និងមានការសម្របសម្រួលពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិន្ទថាល់ ថែមទៀតផង។

នៅក្នុងរបាយការណ៍ដដែលបានសរសេរបង្ហាញទៀតថា នៅក្នុងការបង្ក្រាបល្បែងស៊ីសងនោះ កម្លាំងសមត្ថកិច្ចបានឈានទៅឃាត់ខ្លួនមនុស្សប្រុស ស្រី ៨នាក់ ក្នុងនោះ ស្រី៣នាក់ និងដកហូតម៉ូតូ ៦គ្រឿង រថយន្ត ១គ្រឿង ទូរស័ព្ទដៃ ១១គ្រឿង មេអាប៉ោង ៦គ្រាប់ បៀរ ២១១សន្លឹក ព្រមទាំងសម្ភារៈលេងល្បែងមួយចំនួនទៀត ផងដែរ។

ក្រោយការបង្ក្រាបវង់ល្បែងស៊ីសង និងឃាត់ខ្លួនមនុស្សប្រុស ស្រីទាំង៨នាក់ រួមទាំងវត្ថុតាងបទល្មើស ត្រូវបានបញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធី។

នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ខេត្តព្រះវិហារ​ លោកវរសេនីយ៍ឯក គង់ គា បានប្រាប់ឲ្យដឹងនៅព្រលប់ថ្ងៃ១២កុម្ភះនេះថា ក្រោយការសាកសួររួច និងដោយមានការចង្អុលបង្ហាញពី ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា និងដោយមានការសម្របសម្រួលពី លោក ទី សុវិន្ទថាល់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានអនុញ្ញាតឲ្យមន្ត្រីជំនាញព្រហ្មទណ្ឌខេត្ត ធ្វើការសម្របសម្រួល និងអប់រំ ណែនាំ ឲ្យជនសង្ស័យទាំង ៨នាក់ វិលត្រឡប់ទៅកាន់មូលដ្ឋាន(លំនៅដ្ឋាន)វិញ ដោយបានធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងតទៅទៀត ព្រមទាំងតម្រូវឲ្យមានអ្នកធានា លើអ្នកទាំង ៨នាក់នោះ ដោយមិនបានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្តនោះទេ៕sb