បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៤ ដូសជំរុញ ប្រភេទ Pfizer ជូនយោធិន គ្រួសារយោធិន និងអតីតយុទ្ធជន

0

ដោយ ប៊ុន រដ្ឋា
កំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៤ ដូសជំរុញ ប្រភេទ Pfizer ជូនយោធិន គ្រួសារយោធិន និងអតីតយុទ្ធជន ទូទាំងខេត្តកំពង់ធំ ចំនួនជាង៤ពាន់នាក់ ដែលត្រូវបានអនុវត្តតាមបទបញ្ជា ឯកឧត្ដម ឧត្ដមសេនីយ៍ឯកពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគ ទី៤ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានខិតខំគិតគូរយកចិត្តទុកដាក់គ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំងមកចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា មកដល់ពេលនេះប្រជាពលរដ្ឋកម្ពុជាបានចាក់វ៉ាក់សាំងបានចំនួនជាង១៤ លាននាក់រួចមកហើយ ធ្វើឲ្យប្រទេសជាតិបានដំណើរប្រកតីភាពឡើងវិញ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់យោធិន គ្រួសារយោធិន និងអតីតយុទ្ធជនទាំងអស់ដែលបានអញ្ជើញមកចាក់សាំង ត្រូវបន្តការប្រុងប្រយ័ត្នការពារខ្លួនបន្ថែមទៀត ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តនូវវិធានការ ៣កុំនិង៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន ឲ្យបានខ្ជាប់ខ្ជួន ពិសេសក្រោយពេលចាក់វ៉ាក់សាំងរួចនេះ មិនត្រូវពិសារគ្រឿងស្រវឹងរយៈពេលយ៉ាងតិច១សប្តាហ៍ ដើម្បីឲ្យវ៉ាក់សាំងមានប្រសិទ្ធភាពក្នុងការប្រឆាំងមេរោគកូវីដ-១៩ ។
យោធិន ក្រុមគ្រួសារយោធិន និងបងប្អូនអតីតយុទ្ធជននៅទូទាំងខេត្តកំពង់ធំ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសូមគោរពជូនពរសម្ដេចទាំងទ្វេ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានជួបប្រទះនូវពុទ្ធពរទាំងឡាយ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ៕