រថយន្តដឹកអង្ករធុនធំមួយគ្រឿង បុកឃឿនចែកទ្រូងផ្លូវខ្ទេចជាច្រើនម៉ែត្រ

0

ខេត្តបាត់ដំបង: រថយន្តធុនធ្ងន់មួយគ្រឿងដឹកអង្ករពេញទ្រុង បានបោះពួយបុករនាំងទ្រូងចែកផ្លូវ លើកំណាត់ជាតិលេខ៥ ដែលទើបស្ថាបនាថ្មី បណ្តាលអោយខ្ទេចជា ច្រើនម៉ែត្រ តែជាសំណាងល្អពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីវេលាម៉ោង១២ យប់ ឈានចូលថ្ងៃទី ១៥ខែកុម្ភៈឆ្នាំ ២០២២ ។

សមត្ថកិច្ចអោយដឹងថា ហេតុការណ៍រគ្រោះថ្នាក់ចរាចរណ៍នេះ ពុំបណ្តាលអោយអ្នកធ្វើដំណើរនិងតៃកុង រងគ្រោះថ្នាក់នោះទេ  ។

បើតាមមន្រ្តីដែលចុះវាស់វែងនៅកន្លែងកើតហេតុបានអោយដឹងថា មុនដំបូងរថយន្តធុនធំ បង្កហេតុខាងលើ ដែលមានពាក់ស្លាកលេខ ភ្នំពេញ3E-5352 បើកបរក្នុងល្បឿនលឿនមានទិសដៅ ពីស្រុកថ្មគោល សំដៅចូលក្រុងបាត់ដំបង លុះមកដល់ចំណុចកើតហេតុ មានម៉ូតូមួយគ្រឿង ឡើងកាត់ ទទឹងផ្លូវ ធ្វើអោយតៃកុងឡានរេ ចង្កូតគេច មកបុករនាំងចែកទ្រូងផ្លូវនេះតែម្តង ។

ក្រោយបង្កហេតុ រថយន្តខាងលើត្រូវបានប្រើប្រាស់រថយន្តស្ទូច មកអូសចេញពីកន្លែងកើតហេតុ ដើម្បីបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ ផ្លូវគោកនិងដោះស្រាយតាមផ្លូវច្បាប់៕ អត្ថបទ : ព្រាប.ស