ខេត្តតាកែវ ៖ អាងខ្លួនមានកាំភ្លើងកាន់ មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវម្នាក់បម្រើការជាជំនួយការផ្នែកព្រហ្មទណ្ឌ បានបើកបរម៉ូតូ១គ្រឿងធ្វើសកម្មភាពបាញ់ប្រហារជាច្រើនគ្រាប់យ៉ាងកំរោលទៅលើប្រជាពលរដ្ឋមួយគ្រួសារដែលកំពុងបើកបររថយន្ត ក្រោយមានទំនាស់ពាក្យសម្តីនិងប្រតាយប្រតប់គ្នាបន្តិចបន្ទួច។
តាមការឲ្យដឹងពីឈ្មោះ ចាក សុវណ្ណរ៉ា រស់នៅភូមិសំបួរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ជាជនរងគ្រោះក្នុងហេតុការណ៍បាញ់ប្រហារពីមន្ត្រីអាវុធហត្ថរូបនេះថា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២២និង៣៥នាទីខ្លួនបានបើកបររថយន្តជូនឪពុកមា ទៅផ្ទះដែលនៅក្បែរគ្នា ក៏បានជួបឈ្មោះ មឹក ជុង កំពុងតែហូតចុកស្រវឹងនិងបានហៅពូរបស់ខ្លួនហូបស្រាជាមួយដោយសម្តីអាមឹង មិនសមរំ។ ភ្លាមៗនោះជនរងគ្រោះក៏ប្រាប់ថា ពូខ្លួនអាយុច្រើនហើយ កុំហៅគាត់ អាៗចឹង រហូតមានទំនាស់ពាក្យសម្តីនិងប្រតាយប្រតប់គ្នាបន្តិចបន្ទួចទៅ។ ជនរងគ្រោះបន្តថា ក្រោយមានការប្រតាយប្រត់បគ្នា ខ្លួនបានបើករថយន្តនាំប្រពន្ធកូនត្រឡប់មកផ្ទះវិញ ជិះបានប្រហែល៥០០រយម៉ែត្រ ស្រាប់តែឈ្មោះ មឹក ជុង ជិះម៉ូតូម៉ាក PCX មានដឹកស្រីស្នេហ៍ម្នាក់តាមមកពីក្រោយ និងដកកាំភ្លើងខ្លីបាញ់សំដៅមកខ្លួនចំនួន៣ ទៅ៤គ្រាប់ បណ្តាលឲ្យត្រូវតួរថយន្តខាងក្រោយ១គ្រាប់ និង ខាងស្តាំ១គ្រាប់ ហើយក៏បានដួលម៉ូតូទៅ ទើបខ្លួនគេចផុតពីការបាញ់ប្រហារ។
ជុំវិញករណីនេះ លោកឧត្តមសេនីត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ករណីនេះ ផែនជំនាញនៃកងរាជអាវុធហត្ថខេត្តតាកែវកំពុងពន្លឿនដោះស្រាយតាមនីតិវិធីជូនជនរងគ្រោះ។
មហាជនដែលដឹងហេតុការណ៍ ពិសេសជនរងគ្រោះមានប្រពន្ធនិងកូន៤នាក់ដែលរួចផុតជីវិតពីការបាញ់ប្រហារយ៉ាងកំរោលពីមន្ត្រីអាវុធហត្ថខាងលើ ទន្ទឹងរង់ចាំមើលចំណាត់ការផ្លូវច្បាប់ ខណៈករណីនេះអូសបន្លាយពេល១០ថ្ងៃមកហើយ ជនបង្កនៅតែមានសេរីភាពមិនត្រូវបានអនុវត្តិទោសទន់ ធ្វើឲ្យជនរងគ្រោះដេកភ័យរាល់ថ្ងៃ៕ ពូស៊្មីត





































