សៀមរាប ៖ លោកវរសេនីយ៍ទោ អ៊ុំ សាអាត នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងថាដោយអនុវត្តជាប្រចាំតាមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ឩត្តមសេនីយ៍ទោ សត ណាឌីស្នងការនគរបាលខេត្តសៀមរាបក៏ដូចជាដើម្បីធ្វើឲ្យការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
ជាក់ស្តែងនៅថ្ងៃទី៤និងទី៥ខែកញ្ញា ឆ្នាំ២០១៤ កន្លងទៅកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាបកម្លាំងប៉ុសិ៍្តនគរបាលរដ្ឋបាលសង្កាត់ស្លក្រាម និង សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ។បានធ្វើការតាមដានស្រាវជ្រាវនិងឈានដល់ការបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យភេទប្រុសទាំងពីរនាក់នេះបាននៅត្រង់ចំណុចភូមិ សង្កាត់កើតហេតុខាងលើទាំងពីរតែម្តង។ ដោយជនសង្ស័យទី១មានឈ្មោះ ឡុង វិន ភេទប្រុសអាយុ ១៨ឆ្នាំ មានទីលំនៅក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។ទី២មានឈ្មោះ ងួន ប្រុស ភេទប្រុសអាយុ ២៥ឆ្នាំ មានទីលំនៅក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
ក្នុងកិច្ចចុះប្រតិបត្តិការណ៍ខាងលើសមត្ថកិច្ចបានបន្តឲ្យដឹងទៀតថាជនសង្ស័យទាំងពីរនាក់បន្ទាប់ពី សមត្ថកិច្ចជំនាញបានធ្វើការចាប់ឃាត់ខ្លួនក៏ដូចជាបន្ទាប់ពីសមត្ថកិច្ចបានធ្វើការសួរនាំជាប់ពាក់ព័ន្ធក្នុងករណីប្រើប្រាស់ ចាត់ចែងអោយប្រើប្រាស់និងជួញដូរគ្រឿងញៀនខុសច្បាប់នៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាពួកគេពិតជាបានប្រព្រត្តឹនៅករណីទាំងអស់ខាងលើពិតប្រាកដមែនក្នុងនោះសមត្ថកិច្ចក៏បានរកឃើញនិងបានធ្វើការដកហូតបាននូវវត្ថុតាងពីជនសង្ស័យមួយចំនួនរួមមាន ជញ្ជីងថ្លឹង គ្រឿងញៀន០១ គ្រឿង ឩបករណ៍ប្រើប្រាស់និងសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀតផងដែរ ។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបហើយកាលពីព្រឹកថ្ងៃចុងសប្តាហ៍នេះដើម្បីចំណាត់ការទៅតាមនិតិវិធីបន្ត ៕ ដោយផន សុខជាតិ


































