កិច្ចប្រជុំពង្រឹងវិន័យ និងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0

កំពង់ធំ ៖កិច្ចប្រជុំមួយត្រូវបានធ្វើឡើង នៅបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងគោលបំណង ពង្រឹងវិន័យ និងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹក ដែលមាន ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អធិបតីភាព ស្ថិតនៅភូមិថ្នល់បែក ឃុំ ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី 16 ខែកុម្ភៈ ឆ្នាំ2022 ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មានប្រសាសន៍ថា បទវិន័យ ច្បាប់ស្ដីពីលក្ខន្តិកៈទូទៅ របស់កងយោធពល ខេមរៈភូមិន្ទ និងសេចក្ដីណែនាំលេខ០០៣ សណន របស់ក្រសួងការពារជាតិ យោធិនគ្រប់រូបត្រូវអនុវត្តជាកាតព្វកិច្ចមិនអាចខានបាន និងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមបទបញ្ជារបស់ថ្នាក់លើតាមឋានានុក្រម ដែលយោធិនម្នាក់ៗត្រូវគោរពនិងអនុវត្តឲ្យបានជាដាច់ខាត យោធិនម្នាក់ៗត្រូវប្ដេជ្ញាចិត្តដាច់ខាត ក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដី សហការជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គមនៅក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ ។

រួមទាំងបានក្រើនរំលឹកដល់យោធិនគ្រប់រូបត្រូវគោរពវិន័យ របស់កងយោធពលខេមរភូមិន្ទ និងច្បាប់របស់រដ្ឋ គោរពស្រឡាញ់ប្រជាជន បម្រើប្រជាជនដោយស្មោះត្រង់ដោយអស់ពីចិត្តពីថ្លើម ដោយអនវត្តន៍តាមទិសស្លោកកងទ័ពជាកូនចៅរបស់ប្រជាជន និងដើម្បីប្រជាជន និងបានសំណូមពរដល់យោធិនទាំងអស់ និងក្រុមគ្រួសារត្រូវបន្តអនុវត្ត នូវវិធានការការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការបីការពារនិងបីកុំរបស់ សម្តេចតេជោហ៊ុន សែន ។

យោធិនគ្រប់រូប ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន ប្តេជ្ញាចិត្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានដាក់ចេញនៅ ពេលនេះឲ្យទទួលបានជោគជ័យ ។
ដោយ ប៊ុន រដ្ឋា