ខេត្តកំពង់ធំ ÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត ជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុង ពិធីសិក្ខាសាលាបូកសរុបលទ្ធផលការងារ និងបទពិសោធន៍គម្រោង (ការពង្រីកសមត្ថភាពត្រៀមបង្ការ និងឆ្លើយតបផ្នែកអនាម័យ ទឹកស្អាតក្នុងគ្រាអាសន្ន) រយៈពេល០៥ឆ្នាំឆ្នាំ២០១៧-២០២១ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។ ពិធីសិក្ខាសាលានេះមានការអញ្ជើញមកពី កាកបាទក្រហមកម្ពុជា ពីសាខា អនុសាខាទាំង៤ខេត្ត ( ខេត្តព្រៃវែង កំពត កំពង់ធំ និងព្រះវិហារ) មកចូលរួមក្នុងសិក្ខាសាលា បូកសរុបលទ្ធផលការងារនិងបទពិសោធន៍ គម្រោង (ការ ពង្រឹង សមត្ថភាព ត្រៀមបង្ការ និងឆ្លើយតបផ្នែកអនាម័យ ទឹកស្អាត ក្នុងគ្រាអាសន្ន) ដែល សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ធ្វើជាម្ចាស់ផ្ទះរៀបចំពិធី ក្រោមការសម្របសម្រួល មន្ត្រីការិយាល័យជំងឺឆ្លង និងមិនឆ្លង នាយកដ្ឋាន សុខភាព កាក បាទ ក្រហម កម្ពុជា។
ថ្លែងនៅក្នុងកម្មវិធីនេះ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត ជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានមានប្រសាសន៍ថាសិក្ខាសាលាដែលបានរៀបចំធ្វើឡើងនាពេលនេះ គឺក្នុងទិសដៅ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ការងារអនាម័យ ទឹកស្អាត ក៏ដូចជាការពង្រឹងសមត្ថភាព និងលើកកម្ពស់បន្ថែមការងារអនាម័យ ទឹកស្អាត ដែលសាខា កាកបាទក្រហមកម្ពុជាទាំង៤ខេត្ត បាននឹងកំពុងអនុវត្តក្នុងរយៈកាល៥ឆ្នាំ គឺពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ កន្លងមក តាមរយៈការពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ដើម្បីការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តបន្តទទួល បាន លទ្ធផលល្អស្របតាមសូចនាករ។
លោកជំទាវ ក៍បានបញ្ជាក់ជូនអង្គសិក្ខសាលាជ្រាបថា បន្ទាប់ពីបានទទួលគម្រោង(ការពង្រឹងសមត្ថភាព ត្រៀមបង្ការ និងឆ្លើយតបផ្នែកអនាម័យ ទឹកស្អាត ក្នុងគ្រាអាសន្ន)ពីថ្នាក់ជាតិមក សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានយកស្រុកចំនួន៤ ជាអាទិភាពក្នុងការអនុវត្តគម្រោង មានស្រុកកំពង់ស្វាយ ស្រុកស្ទោង ស្រុកសន្ទុក និងស្រុកបារាយណ៍ គ្របដណ្តប់លើ២៣ឃុំ ដែលមានភូមិចំនួន១៣៨ភូមិ។ ក្នុងរយៈកាល៥ឆ្នាំនៃការអនុវត្តគម្រោង ក្រៅពីការបណ្តុះបណ្តាល បំពាក់បំប៉ន ក្រុមការងារបង្គោល មន្ត្រី របស់សាខាបានបញ្ជ្រាបលើកកម្ពស់ការយល់ដឹង តាមរយៈការជួបជុំចែកអំណោយមនុស្សធម៌ ការរៀបចំកម្មវិធីផ្សេងៗ ការចុះអប់រំផ្សព្វផ្សាយខ្នងផ្ទះ។សរុបប្រជាពលរដ្ឋដែលបានចូលរួមការលើកកម្ពស់យល់ដឹងពីគម្រោងការពង្រឹងសមត្ថភាពត្រៀមបង្ការ និងឆ្លើយតបផ្នែកអនាម័យទឹកស្អាត ក្នុងគ្រាអាសន្ន ចំនួន១០,៤៦១នាក់ ( ស្រី ៧,៧៦២នាក់)។
ជាចុងក្រោយលោកជំទាវ ក៍បានបង្កើតផែនការអនុវត្តឆ្នាំ២០២២ និងឆ្នាំជាបន្តបន្ទាប់ ដើម្បីឲ្យសាខាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានត្រៀមលក្ខណៈទៅលើទីតាំងដែលជាគោលដៅ ចំនួន៥គឺ ក្រុងស្ទឹងសែន ស្រុកតាំងគោក ស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ និងស្រុកប្រាសាទបល្ល័ង្ក។ សូមឱ្យអង្គសិក្ខាសាលាដែលមានរយៈពេល ២ថ្ងៃនេះ ការអនុវត្តគម្រោង អនាម័យទឹកស្អាត ក្នុងគ្រាអាសន្ន ពិតជានាំមកវឌ្ឍនភាពតាមលទ្ធផល រំពឹងទុកក្នុងគោលដៅមួយពិតប្រាកដ ។







































