ព្រះសង្ឃថៃ១អង្គ ត្រូវបានសមត្ថកិច្ចចុះនាំខ្លួន និងបានប្រគល់ទៅអោយព្រះធម្មវិន័យផ្សឹក បន្ទាប់ពីបានតែងកាយចូលទៅផឹកស៊ីក្នុងភោជនីយដ្ឋានមួយកន្លែង ហើយគ្មានប្រាក់ចាយអោយម្ចាស់ហាង។
ហេតុការណ៍នៃការទំនាស់គ្មានមួយរវាងម្ចាស់ហាង និងព្រះសង្ឃ បានកើតឡើងនៅក្នុងសណ្ឋាគារមួយកន្លែង ស្ថិតក្នុងភូមិ៥ ឃុំសាត់តាហុីប ស្រុកសាត់តាហុីប ខេត្តឈុនបុរី ប្រទេសថៃ ដែលក្នុងពេលនោះគឺពេលរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ។
តាមការបកស្រាយពីសំណាក់ម្ចាស់ហាងបានប្រាប់ប៉ូលិសថា កាលពីក្បាលល្ងាច មុនពេលកើតហេតុគឺមានបុរសម្នាក់ ស្លៀកខោខូវប៊យ ពាក់អាវយឺតសដៃខ្លី និងពាក់មួក បានចូលមកក្នុងភោជនីយដ្ឋានរបស់ខ្លួនដើម្បីផឹកសុីដូចភ្ញៀងដទៃទៀតដែរ។
ម្ចាស់ហាងបានបន្តថា ការផឹកស៊ីម្នាក់ឯងនេះ គេបានកុម្មង់ម្ហូប និងផឹកស្រាបៀរអស់២កែស រហូតដល់ម៉ោង១១យប់ ទើបបុគ្គលិកទៅសុំគិតលុយ ព្រោះដល់ម៉ោងដែលហាងត្រូវបិទទ្វារ។ ផ្ទុយទៅវិញបុរសម្នាក់នេះបាននិយាយទាំងសភាពស្រវឹងថា លុយនៅក្នុងបន្ទប់សណ្ឋាគារ ចាំខ្លួនទៅយកមកអោយ រួចគេក៏បានដើរចេញទៅ ដោយឃើញដូច្នេះបុគ្គលិកក្នុងហាងក៏បានដើរតាមទៅដល់សណ្ឋាគារមួយកន្លែងនៅក្បែនោះដើម្បីតាមយកលុយ ប៉ុន្តែបុរសនោះបានចូលក្នុងបន្ទប់រួចបិទទ្វារដាក់គន្លឹះយ៉ាងស្ងៀមស្ងាត់។
ដោយឃើញបែបនេះបុគ្គលិកក៏បានគោះទ្វារហៅដើម្បីអោយចេញមកដោះស្រាយរឿងលុយកាក់សិន ស្រាប់តែឮសម្លេងបុរសនោះស្រែកជេរបញ្ចោរពីក្នុងបន្ទប់ ថែមទាំងបានវាយរបស់របរមួយចំនួនក្នុងបន្ទប់ខ្ទេចខ្ទីដោយក្តីក្តៅក្រហាយ ទើបធ្វើអោយបុគ្គលិកក្រលេកមើលតាមបង្អួចឃើញបុរសនោះប្តូរសម្លៀកបំពាក់ ទៅជាព្រះសង្ឃទៅវិញ ទើបមានការប្តឹងទៅសមត្ថកិច្ចតែម្តង។
ក្រោយការឃាត់ខ្លួន សង្ឃដែលមានឈ្មោះ ក្លាយ ណងលី អាយុ៤២ឆ្នាំ ជាអ្នករស់នៅខេត្តសុផាន់បុរី បានបដិសេធថា ខ្លួនមិនបានចូលហាងទេ គឺខ្លួនបានផឹកស្រាបៀរក្នុងបន្ទប់អស់តែ២ដប ប៉ុណ្ណោះ ប៉ុន្តែក្រោយពីម្ចាស់ហាងបានបើកកាមេរ៉ាសុវត្ថិភាពអោយមើលទើបទទួលស្គាល់ថា គេពិតជាបានតែងកាយចូលទៅផឹកក្នុងហាងនោះមែន ដោយសរុបអស់ចំនួន ៣.០២៥ បាត។
ភ្លាមៗនោះដែរសមត្ថកិច្ចបានប្រគល់សង្ឃកំហូចនេះទៅអោយព្រះធម្មវិន័យដើម្បីផ្សឹកទាំងយប់ និងអនុវត្តបន្តតាមផ្លូវច្បាប់៕ អត្ថបទ : ព្រាប.ស