ខេត្តកំពង់ធំ ÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងឯកឧត្តមលោកជំទាវ ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្តអភិបាលស្រុក អញ្ជើញជាអធិបតីក្នុងពិធីអបអរខួបទី៦៧ឆ្នាំ ទិវាកំណើតកាកបាទក្រហមកម្ពុជា(១៨ កុម្ភៈ១៩៥៥- ១៨ កុម្ភៈ ២០២២) និងពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហម នៅវិទ្យាល័យហ៊ុនសែនតាំងគោក ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។
លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោកបានឡើងធ្វើរបាយការណ៍រីកចម្រើនរបស់ស្រុក គឺដោយសារអនុសាខាកាកបាទក្រហមស្រុកបានដំណើរការរបស់ខ្លួនកន្លងមក ដោយទទួលបានការជួយគាំទ្រដ៏សកម្មពីព្រះគ្រូព្រះអនុគណស្រុក ព្រះសង្ឃតាមបណ្តាវត្ដ អាចារ្យ គណៈកម្មាធិការវត្ត និងសប្បុរសជននានាក្នុងស្រុក ធ្វើឲ្យកាកបាទក្រហមស្រុក មានលទ្ធភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹង ភាពចាំបាច់នៅ មូលដ្ឋាន ដូចជាៈ ជនដែលងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង គ្រួសារដែលមានជីវភាពខ្វះខាត់ ស្ត្រីមេម៉ា គ្រួសាររងគ្រោះដោយអគ្គីភ័យឆេះផ្ទះ ខ្យស់កន្ត្រាក់បំផ្លាញផ្ទះសំបែងផ្សេងៗ ស្មារតីទទួលខុសត្រូវខ្ពស់ស្របតាមគោលការណ៍ណែនាំរបស់កាកបាទក្រហម ដោយប្រកាន់ខ្ជាប់នូវពាក្យស្លោក “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជួយដោះស្រាយ។
ថ្លែងនៅក្នុងកម្មវិធីនេះលោកជំទាវ លំ គន្ធារី បានមានប្រសាន៍ថា ចាប់តាំងពីអាណត្តិទី១ រហូតដល់អាណត្តិទី៥ រយៈពេលប្រមាណ២០ឆ្នាំកន្លងមកនេះ ស្ថិតក្រោមការណែនាំនិងឧបត្ថម្ភគាំទ្រសម្ភារៈស្មារតីពីកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់គណៈសប្បុរសជន ពីគ្រប់ជ្ឈដ្ឋានផងនោះ សាខាកាកបាទក្រហមកម្ពុជា និងការចូលរួមប្រកបដោយបេះដូងមនុស្សធម៌របស់កម្មាធិការអាណត្តិនិមួយៗ ដោយមានយុទ្ធសាស្ត្ររបស់ថ្នាក់ជាតិ ជាត្រីវិស័យ បានអនុវត្តប្រកបដោយវឌ្ឍនភាព នូវវិស័យស្នូលទាំង៤ តាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម រួមចំណែកជួយដល់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋរងគ្រោះ ងាយរងគ្រោះ។
លោកជំទាវក៏បានបន្តទៀតថា ដោយមើលឃើញថា យុវជនកាកបាទក្រហមកម្ពុជាគឺជាកំលាំងស្នូល មិនអាចខ្វះបានក្នុងការងារមនុស្សធម៌ទើបឱកាសខួបទី៦៧ ទិវាកំណើតកាកបាទក្រហមកម្ពុជា សាខាបានភ្ជាប់ជាមួយពិធីបំពាក់ឯកសណ្ឋាយុវជនកាកបាទក្រហមកម្ពុជា ជូនយុវសិស្សចំនួន១៧១នាក់ មកពី៣វិទ្យាល័យ (វិទ្យាល័យហ៊ុនសែនស្រះបន្ទាយ វិទ្យាល័យទ្រៀល និងវិទ្យាល័យហ៊ុនសែនតាំងគោក)របស់ស្រុកតាំងគោក ពិសេសសូមចូលរួមនៅរក្សាអនាម័យ(បីកុំបីការពារ)តាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់នូវជំងឺអូរមីក្រុងដែលបំលែងថ្មីនេះ ។
លោកជំទាវក៏បានថ្លែងនូវការកោតសរសើរវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមន្រ្តីបង្គោល ក្រុមប្រតិបត្តិសាខា លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន នៃគ្រឹះស្ថានសិក្សាទាំង៣គោលដៅ ដែលបានខិតខំប្រឹងប្រែងសហការរួមគ្នាអនុវត្តទិសដៅ និងភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដោយស្មារតីទទួលខុស ត្រូវខ្ពស់ ក្នុងការបំពេញបេសកកម្មមនុស្សធម៌ ការពង្រឹងសមត្ថភាព និងការពង្រីកបណ្តាញយុវជនកាកបាទក្រហម ដោយឈរលើយុទ្ធសាស្ត្រ (២០២១, ២០៣០) និងវិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា សម្រេចបាន លទ្ធផលល្អគួរឱ្យកត់សំគាល់។







































