ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋនៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ជាង ២ពាន់នាក់ ទទួលបានការពិនិត្យ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ លោក ហ៊ុន ម៉ានី នៅក្នុងបរិបថ នៃវិបត្តិជំងឺកូវីដ-១៩ ដែលកំពុងបន្តអូសបន្លាយ ពិសេស កូវីដអូមេក្រុង ដើម្បីរួមសុខរួមទុក្ខជាមួយរាជរដ្ឋាភិបាល និងការលើកស្ទួយសុខុមាលភាពប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរឡើង។
នៅក្នុងសកម្មភាពចុះពិនិត្យ និងព្យាបាលជំងឺរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ លោក ហ៊ុន ម៉ានី កាលពីថ្ងៃទី២០កុម្ភះម្សិលមិញ នៅសាលាបឋមសិក្សាកំភុន ស្ថិតក្នុងភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង បានដឹកនាំផ្ទាល់ ដោយលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដោយមានការចូលរួមពី លោក ឡូយ សុផាត ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្ទឹងត្រែង ,លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ,លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ខេត្តស្ទឹងត្រែង និងជាប្រធានមន្ទីរសុខាភិបាលខេត្ត ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសេសាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា និងអាជ្ញាធរដែលពាក់ព័ន្ធផងដែរ។
លោក លេង ផាលី បានមានប្រសាសន៍ថា នៅក្នុងការចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋទាំង ២ពាន់ ១១៥នាក់នេះ លោកបានដឹកនាំ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន ៣៦០នាក់ បាននាំយកថ្នាំពេទ្យ ម៉ាស់ អាកុល រួមទាំងស្បៀងអាហារមួយចំនួន ចុះអប់រំផ្សព្វផ្សាយពីវិធីបង្ការជំងឺកូវីដ-១៩ និងការអនុវត្តវិធានការសុខាភិបាល ៣ការពារ ៣កុំ និងវិធីសង្គ្រោះបឋម ជូនប្រជាពលរដ្ឋដោយឥតថ្លៃ។
លោក លេង ផាលី មានប្រសាសន៍ទៀតថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅពេលនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោល គឺ ការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋមួយចំណែកផងដែរ។ លោកបានថ្លែង ចាត់ទុកបញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង លោក ឡូយ សុផាត និងអភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដែលសកម្មភាពនេះ ប្រៀបបានទៅនឹងមន្ទីរពេទ្យចល័តមួយ ដែលគ្រូពេទ្យសុទ្ធតែមានបទពិសោធន៍ល្អ មានឧបករណ៍ទំនើប មានរបៀបរបបការងារល្អ មានសមត្ថភាព គុណភាព ថែមទាំងបានលះបង់ទាំងធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងពេលវេលា ដើម្បីជួយដល់ប្រជាជាតិ និងមាតុភូមិ ដោយមិនខ្លាចពីការនឿយហត់ឡើយ។
គួរបញ្ជាក់ថា ក្នុងរយៈពេល១០ឆ្នាំនេះ គឺចាប់ពីថ្ងៃ២ធ្នូ២០១២ ដល់ ថ្ងៃ២០កុម្ភៈ២០២២ ក្រោមការដឹកនាំ ចង្អុលបង្ហាញដោយផ្ទាល់ពី លោក ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ដែលមានចំនួន ៥ពាន់ ៦៧៩នាក់ ក្នុងនោះស្ត្រី ៣ពាន់ ២៣១នាក់ បានចូលរួមអប់រំ ផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សង្គ្រោះបឋម និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុង២៥រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន ៣៦៤លើក ក្នុងនោះព្យាបាលជំងឺជូនប្រជាពលបាន ៣លាន ៨៧ម៉ឺន ៦ពាន់ ៨១៩នាក់ ក្នុងនោះស្ត្រី ២,០៧២,៥៩៣នាក់ (ពីរលាន ប្រាំពីរម៉ឺន ពីរពាន់ ប្រាំរយកៅសិបបីនាក់ ) គិតត្រឹម ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២២ ដោយបានសហការជាមួយ សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយរាជធានី-ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់៕ ដោយ៖ឡុង សំបូរ