លោកជំទាវ ប៉ាង ដានី ជម្រុញដល់ស្ត្រីមានផ្ទៃពោះ​ ត្រូវទៅពិនិត្យតាមដានសុខភាពឲ្យបានទៀងទាត់​ ដើម្បីត្រៀមលក្ខណៈទទួលសមាជិកថ្មី

​កំពង់ចាម​:​ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តកំពង់ចាម​ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ថ្នាក់សាខា បាន​ជម្រុញ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ ត្រូវ​ទៅ​ពិនិត្យ​តាមដាន​សុខភាព​ឲ្យ​បាន​ទៀងទាត់​នៅ​មន្ទីរពេទ្យ​ ដេីម្បី​ឲ្យ​បាន​ដឹង​ជាមុន​​ និង​ងាយស្រួល​ក្នុង​ការ​ត្រៀម​លក្ខណៈ​ទទួល​សមាជិក​ថ្មី​ថា​ប្រុស​ ឬក៏​ជា​ស្រី​ ។ ការ​ថ្លែង​បែប​នេះ​ក្នុង​ឱកាស​ដែល​លោកជំទាវ​បានដឹកនាំ​ក្រម​ការងារ​ចុះសួរសុខទុក្ខ ស្ត្រីមានផ្ទៃពោះ នៅ​មណ្ឌលសុខភាព​ឃុំអំពិល ស្រុកកំពង់សៀម នាព្រឹក​ថ្ងៃទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ ។ 

ឆ្លៀត​ក្នុងឱកាសនោះដែរ លោកជំទាវ ប៉ាង ដានី បានពាំនាំនូវ​ប្រសាសន៍​អំពាវនាវ​របស់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា ដែលបាន​ជម្រុញ​ឲ្យ​ស្រ្តីមានផ្ទៃពោះទាំងអស់ ត្រូវទៅពិនិត្យសុខភាព​ឲ្យបានទៀងទាត់ចំនួន ៤ដង តាមការណែនាំរបស់គ្រូពេទ្យ ដេីម្បី​ទទួលយកថ្នាំបង្ការជំងឺតេតាណូស​ និងថ្នាំបង្ការជំងឺកូវីដ-១៩ ពិសេសការស្ម័គ្រចិត្តធ្វើតេស្តឈាម រកមេរោគអេដស៍ ស្វាយ រលាកថ្លើមប្រភេទB ដើម្បីរួមគ្នាលុបបំបាត់ ការចម្លងមេរោគពីម្ដាយទៅកូន។ ក្រោយពេលសម្រាល ត្រូវយកកូនទៅទទួលវ៉ាក់សាំងបង្ការជំងឺទាំង ១១មុខ តាមពេលកំណត់ ហើយត្រូវបន្តតាមដានសុខភាព និងការលូតលាស់របស់កូន ។ លេីសពី​នោះ​ស្ត្រីជាមាតាទាំងអស់ ត្រូវបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកកើតមកភ្លាម រហូតដល់អាយុ ៦ខែ និងត្រូវផ្ដល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ ( បបរខាប់គ្រប់គ្រឿង) រួមជាមួយ ការបន្តបំបៅទឹកដោះម្ដាយ រហូតដល់កុមារ មានអាយុយ៉ាងតិច ២ឆ្នាំ។ 

ជាមួយគ្នា​នោះ​ លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍សាខា ក៏បានក្រើនរំលឹកដល់ ស្ត្រីមានផ្ទៃពោះ និងស្ត្រីជាមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ ទាំងអស់ ត្រូវ រស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទកូវីដ-១៩ ដោយត្រូវថែទាំសុខភាពឲ្យបានរឹងមាំ និងអនុវត្ត​ឲ្យ​បានខ្ជាប់ខ្ជួនតាមវិធានការសុខាភិបាល ” ៣ការពារ ៣កុំ “  និងទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ដូសមូលដ្ឋាន ឬដូសជំរុញឲ្យបានគ្រប់ៗគ្នា ។ 

គួរ​បញ្ជាក់​ថា​ អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលបានផ្តល់ជូន ស្រ្តីមានផ្ទៃពោះទាំង ៩នាក់នេះ ក្នុង​ម្នាក់ៗ ទទួលបាន៖ មី ១កេស, ឃីត ១កញ្ចប់, ស្ករស ១គីឡូក្រាម​ ទឹកដោះខាប់ ១កំប៉ុង, ជែលលាងដៃ ១ដប, សាប៊ូ protex ៤ដុំ, ម្សៅលាបខ្លួនទារក ១ដប, សាប៊ូដុសខ្លួន ១ដប, ខោទឹកនោម ១យួរ , ម៉ាស់ ១០បន្ទះ និងថវិកា ៥០,០០០ រៀល ។ ព្រមទាំង​ផ្តល់ Gel លាងដៃ ២កេស ស្មើនឹង ៣២ដប ជូនមណ្ឌលសុខភាពឃុំអំពិល ផងដែរ​ ៕