ទិវាជាតិសុខភាពមាតា ទារកនិងកុមារ២១កុម្ភៈ២០២២នៅស្រុកម៉ាឡៃ

បន្ទាយមានជ័យ៖ពង្រឹងការផ្ដល់សេវា សុខភាពបន្តពូជ សុខភាពមាតា ទារកនិងកុមារនិងការផ្ដល់វ៉ាក់សាំង បង្កាជំងឺកូវីដ19 ជូនស្ត្រីមានផ្ទៃពោះនិងមាតាកំពុងបំបៅកូន ដោយទឹកដោះម្ដាយ នេះគឺជាប្រធានបទនៃទិវាជាតិ សុខភាពមាតា ទារកនិងកុមារ ២១កុម្ភៈ ២០២២ ដែលសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីនិងបានចែកជូននូវអំណោយមនុស្សធម៌ ដល់ស្ត្រីមានផ្ទៃពោះ ទារកនិងកុមារតូចនៅក្នុងស្រុកម៉ាឡៃ នាព្រឹកថ្ងៃទី ២២ ខែកុម្ភៈឆ្នាំ ២០២២។ 

    ក្នុងពិធីទិវាជាតិសុខភាពមាតា ទារកនិងកុមារនេះផងដែរលោកជំទាវ ឆាន់ច័ន្ទ សោភា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានមានប្រសាសន៍អាននូវសារលិខិត សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានិងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារក្នុងឱកាសទិវាជាតិសុខភាពមាតា ទារកនិងកុមារនាឆ្នាំ២០២២ នេះ ដែលមានខ្លឹមសារសំខាន់បញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់ពេលនេះ សកលលោកទាំងមូលក្នុងនោះរួមទាំងព្រះរាជាណាចក្រកម្ពុជាយើងផង បានទទួលរងនូវហានិភ័យ និងផលប៉ះពាល់អវិជ្ជមានពីការរាតត្បាតនៃមេរោគកូវីដ19 មកលើវិស័យជាច្រើន ជាពិសេសការយាយីដល់អាយុជីវិតមនុស្ស។ ដោយឡែកក្នុងវិស័យសុខភាពវិញ តាមឯកសាររបស់អង្គការសុខភាពពិភពលោកនាពេលថ្មីៗនេះបានឲ្យដឹងថា នៅតាមប្រទេសមួយចំនួន ជំងឺកូវីដ១៩ បានកាត់ផ្ដាច់សេវាកម្មសុខភាពជាសារវ័ន្ត ព្រមទាំងសេវាកម្មសុខភាពមាតា ទារកនិងកុមារផង។ ការកាត់ផ្ដាច់ការទទួលបាននូវសេវានេះ បណ្ដាលមកពីមូលហេតុចម្បងពីរគឺ ទីមួយ កង្វះខាតអ្នកផ្ដល់សេវាសុខាភិបាលព្រោះបុគ្គលិកសុខាភិបាល និងគ្រូពេទ្យជាប់ដៃមមាញឹកក្នុងការប្រយុទ្ធនឹងជំងឺកូវីដ19 ក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកជំងឺកូវីដ19 ទីពីរគឺ ការបិទខ្ទង់នៅនិងកន្លែង ដែលធ្វើឲ្យស្ត្រីមានផ្ទៃពោះ ស្ត្រីជាមាតាមិនអាចទៅទទួលសេវាពិនិត្យ ថែទាំសុខភាពបាន។ ដោយសារមូលហេតុចម្បងទាំងពីរនេះហើយ បែកធ្វើឲ្យស្ត្រីមានផ្ទៃពោះជួបផលវិបាកផ្នែកសម្ភព បង្កការលំបាកក្នុងការជួយសង្គ្រោះអាយុជីវិតមាតានិងទារក។ 

       លោកជំទាវ ឆាន់ច័ន្ទ សោភា បន្តថា ក្នុងបរិបទនៃជំងឺកូវីដ១៩ នេះគឺតម្រូវឲ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ១៩ ហើយក៏សូមធ្វើការអំពាវនាវ ដល់ស្ត្រីមានផ្ទៃពោះទាំងអស់ទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យឬ ឆ្មបជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះឲ្យបានទៀងទាត់ តាមពេលវេលាដែលគ្រូពេទ្យបានធ្វើការណែនាំ និងសូមទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យឬឆ្មបជំនាញដែលទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ។ សម្ភារៈដែលបានចែកជូនដល់ស្ត្រីមានផ្ទៃពោះ ទារកនិងកុមារតូចក្នុងមួយនាក់ៗទទួលបាន អង្ករ ១០ គីឡូក្រាម ត្រីខ ១០ កំប៉ុង មីមួយកេស ទឹកសណ្ដែកពីរយួរ ស្ករស២ គីឡូក្រាម កន្សែងពោះគោធំមួយ ខោអាវពីរឈុត សាប៊ូកក់សក់កូនង៉ាមួយដប ទឹកដោះគោខាប់ពីរកំប៉ុង ម្សៅកូនង៉ាមួយដប អាវយឺត ៥អាវ ទឹកជែលលាងសំអាតដៃពីរដបនិងថវិកាមួយចំនួន៕ដោយ៖ឃិន គន្ធា