​កម្ម​ការ​នី​រោងចក្រ​កាត់ដេរ​អឹម​វ៉េ​៧​នាក់​បាន​ដួលសន្លប់​ក្នុងពេល​ទុស្សេ​អគ្គីសនី​ក្នុង​រោងចក្រ​

0

​កំពង់ឆ្នាំង​៖​ ​កម្ម​ការ​នី​រោងចក្រ​កាត់ដេរ​អឹម​វ៉េ​៧​នាក់ បាន​ដួលសន្លប់​បន្តបន្ទាប់​គ្នា នៅពេល​មាន​ទុស្សេ​អគ្គីសនី​ក្នុងពេល​ពួកគេ​កំពុងធ្វើការ​នៅក្នុង​រោងចក្រ ហើយ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ក្រុង​កំពង់ឆ្នាំង និង​កម្មករ​កម្ម​ការ​នី​ដែល​ធ្វើការ​ជាមួយគ្នា​ដឹកបញ្ជូន​មកកាន់​មន្ទី​ពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ​ព្យាបាល​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១​និង​១៥​នាទី​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៤ ស្ថិតក្នុង​រោងចក្រ​អឹម​វ៉េ នៅក្នុង​ភូមិ​ត្រពាំង​ចិក​សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​image ​ ​

លោក សំ សិទ្ធី អធិការនគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​ថ្លែងអោយដឹងថា​៖​កម្ម​ការ​នី​ដែល​ដួលសន្លប់​ទាំងអស់​មាន​ចំនួន​៧​នាក់ ដោយសារតែ​ធំក្លិន​ផ្សែង​ដែល​ទុ​ស​ស្សេ​ខ្សែ ភ្លើង​នៅក្នុង​អាគារ​ទី​៥​នៃ​រោងចក្រ​។​ក្រោយពី​ទទួល​ព័ត៌មាន​នេះ​ភ្លាម លោក​បាន​ដឹកនាំ​កំលាំង​នគរបាល​ក្រុង សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ក្រុង​កំពង់ឆ្នាំង ចុះជួយ​យក​កម្ម​ការ​នី​ទាំងនោះ​យកមក​សង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​ភ្លាមៗ​ដែរ​។​ ​ ​

កម្ម​ការ​នី​ម្នាក់​ក្នុងចំណោម​៧​នាក់​ដែល​បាន​រងគ្រោះ​នោះបាន​រៀបរាប់​ប្រាប់ថា​៖​មុន ពេល​កើតហេតុ ពួកគាត់​បាន​ឭ​សំឡេង​ផ្ទុះ​យ៉ាងខ្លាំង ខណៈនោះ​ភ្លើង​បំភ្លឺ​ទាំងអស់​នៅក្នុង​អាគារ​ត្រូវបាន​ដាច់​ងងឹត ហើយ​មេការ​បាន​បញ្ជារ​អោយ​ចេញមកក្រៅ​ទាំងអស់គ្នា​។​ក្រោយមក​មួយសន្ទុះ​មេការ​ក៍​បានអោយ​ចូលធ្វើ​ការ​វិញ ពេល​កំពុងធ្វើការ​បាន​បន្តិច​នោះ​ក៍ ឭ​សំឡេង​ផ្ទុះ​ម្តងទៀត បូករួម​នឹង​ក្លិន​ឆួល​ចេញពី​កា​រទុស​សេ​ខ្សែភ្លើង​ផង​នោះ បណ្តាលអោយ​កម្ម​ការ​នីមួយ​ចំនួន​បាន​ដួលសន្លប់​ភ្លាម​តែម្តង​។​

​ ​ប្រភពពី​កម្ម​ការ​នី​មួយចំនួនទៀត​ដែល​គាត់​ជឿ​ទៅលើ​អ​បិ​យ​ជំនឿ​បាន​បង្ហើប​អោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖​នៅ​រោងចក្រ​អឹម​វ៉េ​នេះ ជា​រៀងរាល់ឆ្នាំ​អោយតែ​ដល់​ខែ​៨ និង​ខែ​៩​នេះ​គឺមាន​ហេតុការណ៍​កម្ម​ការ​នី​ដួលសន្លប់​រហូត នេះ​ក៍​ដោយសារតែ​ថៅកែ​មិនបាន​សែនព្រេន​ជ្រូក​ខ្វៃ និង​សំណែន​ផ្សេងៗ​ទៀត​អោយ​ម្ចាស់​ទឹកដី​នៅ​កន្លែង​នោះ​។​ ​ ​

ដោយឡែក​នៅក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​គេ​ឃើញ ក្រុមគ្រូពេទ្យ​ខេត្ត​បាន​នឹង​កំពុង​ជួយសង្គ្រោះ​កម្ម​ការ​នី​ដែល​សន្លប់​យ៉ាង​យកចិត្ត​ទុ​ដាក់ នៅពេលដែល​កម្ម​ការ​នីមួយ​ចំនួន​នៅ​សន្លប់​នៅឡើយ ហើយ​មួយចំនួនទៀត​បានដឹង​ខ្លួន​និង​ធូរស្រាល​ខ្លះ​ហើយ​នោះ​៕ ​ ​ ​ ​ ​ ​ ​ ​ ​