ខេត្តសៀមរាប៖ បណ្តារអង្គភាព មន្ទីរជំនាញ និង អជ្ញាធរ បានធ្វើការលើកឡើងស្រដៀងគ្នា ថា កម្ពស់ទឹកបឹងទន្លេសាបនៃខេត្តសៀមរាបមានការកើនឡើងបន្តិបន្តួចប៉ុណ្ណោះ ហើយវាមិន ទាន់ដល់ចំនុចប្រកាសអាសន្ននោះទេ គ្រាន់តែមានការកើនឡើងនាប៉ុន្មានថ្ងៃប៉ុណ្ណោះដោយសារជំនន់ទឹកភ្លៀងហូរធ្លាក់ពីតំបន់ខ្ពង់រាប។
នៅថ្ងៃទី០៥ខែកញ្ញាកន្លងទៅនេះ នៅក្នុងខេត្តសៀមរាបបានទទួលរងនូវការជំនន់ទឹក ភ្លៀងមួយមេធំយ៉ាងគំហុក ធ្វើឲ្យផ្លូវមួយចំនួននៅក្នុងក្រុងសៀមរាបទទួលរងនូវការលិចលង់ អស់មួយរយៈពេលខ្លីផងដែរ។ ជុំវិញបញ្ហាគ្រោះទឹកជំនន់នៅខេត្តសៀមរាបនេះផងដែរ លោក នួន គ្រឹះស្នា ប្រធាន មន្ទីរធនធានទឹក នឹង ឧត្តុនិយមខេត្តបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី៦ ខែកញ្ញានេះថា កម្ពស់ទឹកនៅបឹងទន្លេសាបនៃខេត្តសៀមរាប នៅមានកំរិតទាបនៅឡើយ ពោលគឺមិនទាន់ដល់ចំនុចប្រកាសអាសន្ននោះទេ។
លោកបន្តទៀតថា នាប៉ុន្មានថ្ងៃកន្លងទៅ នេះ នៅខេត្តសៀមរាបមានជំនន់ទឹកភ្លៀងខ្លះៗដែរ ប៉ុន្តែវាមិនបណ្តាលឲ្យពលរដ្ឋរងគ្រោះ ធ្ងន់ធ្ងរនោះទេ ព្រោះនៅក្នុងក្រុងសៀមរាបយើងមានប្រព័ន្ធរំដោះទឹកធំៗចំនួន២កន្លែងៈ ទី១ នៅក្បែរសណ្ឋាគារសុខាអង្គរ និង ទី២ នៅក្បែរ សណ្ឋាគារថ្មមាស សម្រាប់ ជួយបង្ហូរទឹកតាមដងផ្លូវនានា ដែលរងការជន់លិច។
ទាក់ទិនទៅនឹងបញ្ហានេះផងដែរលោក ស៊ូ ប្លាតុងអភិបាលស្តីទីក្រុងសៀមរាបបានមាន ប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី៦នេះថា កាលពីម្សិលម្សិញលោកចុះទៅតំបន់ ទន្លេសាបក្នុងសង្កាត់ចុងឃ្នៀសពេញមួយថ្ងៃតែម្តង ហើយលោកសង្គេតឃើញថាកម្ពស់ទឹក ទន្លេសាបមានការកើនឡើងបន្តិចបន្តួចប៉ុណ្ណោះដែលមិនទាន់ដល់ចំនុចប្រកាសអាសន្ននោះ ទេ។
លោកបន្តថា ចំពោះការគ្រប់គ្រងគ្រោះទឹកជំនន់វិញ អជ្ញាធរក្រុងសៀមរាបបានស្វះ ស្វែងរកទីទួលសុវត្តិភាពមានដូចជាៈ សាលាសំណាក់ , វត្តអារាម,ទុកជូនប្រជាពលរដ្ឋដែល មានបញ្ហាគ្រោះទឹកជំនន់ ព្រមទាំងធ្វើការចុះផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋចេះការពារ និង ទប់ ស្កាត់គ្រោះថ្នាក់ផ្សេងៗដោយ យថាហេតុ៕




































