តាកែវ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកបាទី ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងផ្ដន្ទាទោសតាមផ្លូវច្បាប់ បន្ទាប់ពីធ្វើសកម្មភាព លួចផ្លោះរបងចូលកាប់សម្លាប់សត្វប្រើសមួយក្បាល នៅក្នុងសួនសត្វភ្នំតាម៉ៅ ស្ថិតនៅភូមិខ្សាច់លប់ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
ជនសង្ស័យមានឈ្មោះ ធឹម រ៉ាវី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានកាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចក្នុងព្រៃខាងលិចភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានផ្លោះរបងចូលលួចសម្លាប់សត្វប្រើសពិតប្រាកដមែន ដោយកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៧និង០០នាទី ខ្លួនបាមកាត់យកភ្លៅមុខចំនួន ០២ភ្លៅ ក្រោយចំនួន០១ និងកាត់ក្បាលយកស្នែងមកលក់អោយឈ្មោះ ញឹម យូហេង ហៅចក់ ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី លក់សាច់បាន ១គីឡូ ៣ម៉ឺនរៀល ស្នែងលក់បាន ១០០ដុល្លារ ដោយប្រាប់ថា សត្វជាប់អន្ទាក់ក្នុងព្រៃ៕ អត្ថបទ៖ Reach





































