កោះកុង ៖ ការិយាល័យជួញដូរមនុស្ស និងការពារអានីតិជន នៃស្នងការដ្ឋានខេត្តកោះកុង សហការណ៍ជាមួយនឹងវរៈការពារព្រំដែនគោកលេខ៨២៧ កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី៥ ខែកញ្ញា ម្សិលមិញ បានចាប់ឃាត់ខ្លួនពលករខ្មែរ រួមជាមួយមេខ្យល់ចំនួន២៥នាក់ ខណៈបម្រុងឆ្លងដែនទៅធ្វើការដោយខុសច្បាប់នៅប្រទេសថៃ ត្រង់ចំណុចភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
មេខ្យល់ដែលបម្រុងនាំពលករខ្មែរឆ្លងដែនដោយខុសច្បាប់នោះ ត្រូវគេឲ្យដឹងថា មានឈ្មោះ អ៊ុក ពេជ្រ អាយុ១៨ឆ្នាំ មានទីលំនៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងម្នាក់ទៀតឈ្មោះ រ៉េត រ៉ាត់ អាយុ២៨ឆ្នាំ មានទីលំនៅភូមិអូរក្រោម ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។ បើយោងតាមក្រុមពលករ ពួកគេក្នុងម្នាក់ៗបានចំណាយប្រាក់ចំនួន២០ម៉ឺនរៀល ទៅឲ្យមេខ្យល់ទាំង២រូបនោះ ដើម្បីនាំពួកគេចូលទៅក្នុងប្រទេសថៃដើម្បីរកការងារធ្វើ។
បច្ចុប្បន្នពលករខ្មែរទាំង២៣នាក់ ត្រូវបានធ្វើការដោះលែងឲ្យវិលត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ ដោយឡែកមេខ្យល់ទាំង២នាក់ ត្រូវបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ។ តាមប្រជាពលរដ្ឋដែលរស់នៅក្បែងនឹងច្រកព្រំដែនចាំយាមឲ្យដឹងថា ច្រកព្រំដែនដែលត្រូវគ្រប់គ្រងដោយវរៈការពារព្រំដែនគោក៨២៧ កន្លងមកសំបូរទៅដោយករណីនាំពលករ
ឆ្លងដែនខុសច្បាប់ និងការនាំទំនិញគ្មានពន្ធ និងខូចគុណភាពចូលមកក្នុងប្រទេសកម្ពុជាដោយគ្មានការបង្ក្រាបឡើយ ប៉ុន្តែការបង្ក្រាបលើកនេះ គេសង្ស័យថា ប្រហែលមានការមិនត្រូវរ៉ូវគ្នាណាមួយហើយមើលទៅ៕