លោកទេសរដ្ឋមន្រ្តី លី ធុជ បានអញ្ជើញប្រកាសខេត្តកែបជាខេត្តទី១អស់មីន

ខេត្តកែប ៖ នៅព្រឹកថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២២ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីនបាន អញ្ជើញប្រកាសខេត្តកែបជាខេត្តទី១អស់មីនហើយបានបញ្ជាក់ថាកម្ពុជាគ្រោងនឹងប្រកាសរាជធានីខេត្តចំនួន០៧ទៀត អស់មីនជាបន្តបន្ទាប់ក្នុងឆ្នាំ២០២២រួមមានខេត្តព្រៃវែង ខេត្តកណ្តាល ភ្នំពេញ ខេត្តកំពង់ចាម ខេត្តព្រះសីហនុ ខេត្ត រតនគិរី និង ខេត្តតាកែវ ការថ្លែងបែបនេះក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជានិងជាប្រធានអាជ្ញាធរមីនក្នុងពិធីអបអរសាទរការប្រកាសខេត្តកែបជាខេត្តទី១អស់មីន ។

ពិធីនេះបានប្រព្រឹត្តិទៅនៅមុខសាលាខេត្តកែបដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នលោកសោមពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តតំណាងដៃគូអភិវឌ្ឍន៍អង្គទូតតំណាង ស្ថានទូតប្រចាំនៅកម្ពុជាប្រតិបត្តិករបោសសម្អាតមីនជាតិអន្តរជាតិវិស័យឯកជនមន្រ្តីរាជការជុំវិញខេត្តនិងប្រជា ពលរដ្ឋខេត្តកែប ។

ក្នុងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថា ខេត្តកែប ជាតំបន់សមរភូមិដែលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងកងទ័ពរដ្ឋាភិបាល និងកងទ័ពខ្មែរក្រហម ជាពិសេសនៅតំបន់ភ្នំវល្លិ៍ គឺជាតំបន់ក្តៅមួយក្នុងចំណោមតំបន់ក្តៅទាំងឡាយនៃប្រទេសកម្ពុជា។ ក្រោយពីសង្គ្រាមត្រូវបានបញ្ចប់ តំបន់មួយចំនួនបានបន្សល់ទុកនូវគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន បណ្តាលឲ្យមានអ្នកគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម គិតត្រឹមឆ្នាំ២០២១ ចំនួន ២២១នាក់ ក្នុងនោះស្រុកដំណាក់ចង្អើរ មាន១៩៨នាក់ និងក្រុងកែប មាន២៣នាក់ (មាន៩២% រងគ្រោះដោយសារមីន)។

លោកអភិបាលខេត្តកែប បានមានប្រសាសន៍ទៀតថា “ទោះបីជាខេត្តកែបជាខេត្តទី១អស់មីន ខ្ញុំជឿជាក់ថា អាជ្ញាធរមីន និងម្ចាស់ជំនួយនៅតែបន្តឧបត្ថម្ភគាំទ្រជួយដល់ខេត្តកែបលើវិស័យនេះជាបន្តទៀត ដើម្បីដោះស្រាយនូវបញ្ហាសំណល់ជាតិផ្ទុះពីសង្រ្គាម”។

ក្នុងឱកាសនោះ លោក ទេស រដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋបាលខេត្តកែបនិង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានផ្តល់នូវកិច្ច សហការ យ៉ាង ល្អ ប្រសើរ ក្នុង ការ រៀបចំ ព្រឹត្តិការណ៍ដ៏ មាន សារៈសំខាន់នេះព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវត្តមានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមអបអរសាទរ ចំពោះ សមិទ្ធផលសម្រេចបានជាប្រវត្តិសាស្រ្តជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការងារបោសសម្អាតមីនដែល យើង បានដឹងឲ្យអស់ពីខេត្តកែប ។

អាជ្ញាធរមីនដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាលបានទទួលនូវការអនុញ្ញាតពីសម្តេច តេជោនាយក រដ្ឋមន្រ្តី សម្រេច ជ្រើសរើសយកខេត្តកែបធ្វើការបោសសម្អាតនិងរៀបចំប្រកាសជា ខេត្តអស់មីនដំបូងគេបង្អស់ក្រោមការចូលរួមឧប ត្ថម្ភគាំទ្រហិរញ្ញវត្ថុប្រទេសន័រវេស្សនិងប្រទេសហុងគ្រីដោយជ្រើសរើសយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ជា អ្នក បោសសម្អាត ។

ក្នុងនាមប្រជាជនខេត្តកែបក៏ដូចជាប្រជាជនកម្ពុជាទូទាំងប្រទេសលោកទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការដឹងគុណ និងកត្តញ្ញូតាធម៌ ជូនចំពោះ សម្តេច តេជោ នាយករដ្ឋមន្ត្រី ដែលបានដឹកនាំបញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃរាប់ទសវត្សរ៍និង ទទួលបានសុខសន្តិភាពពេញលេញទូទាំងប្រទេសក្រោមនយោបាយឈ្នះឈ្នះនៅចុងឆ្នាំ១៩៩៨ ព្រមទាំងបានអនុញ្ញាត ឲ្យរាជរដ្ឋាភិបាលកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ដោះស្រាយការគម្រាមកំហែងដោយសារមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ទាំងនោះប្រកបដោយប្រសិទ្ធភាពនិងគ្មានការភ័យខ្លាចហើយក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាលោកទេសរដ្ឋមន្រ្តីក៏បាន ថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលនិងប្រជាជននៃប្រទេសន័រវេស្សរដ្ឋាភិបាលនិងប្រជា ជន នៃប្រទេសហុងគ្រី និង មជ្ឈមណ្ឌលជាតិស៊ីម៉ាក់ដែលបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេសដើម្បីបញ្ចប់វត្តមានគ្រាប់ មីននៅក្នុងខេត្តកែបទាំងមូល។

លោក ទេស រដ្ឋមន្រ្តី បានថ្លែងទៀតថាកម្ពុជាបានកំណត់នូវវិសាលភាពនិងទំហំផលប៉ះពាល់យ៉ាងច្បាស់ដោយ សារគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះទូទាំងប្រទេសគិតត្រឹមឆ្នាំ២០២១កម្ពុជានៅសល់ផ្ទៃដីមានមីននិងយុទ្ធភណ្ឌ មិនទាន់ផ្ទុះសរុបចំនួន ២០១៧ គីឡូម៉ែត្រ ក្រឡា ក្នុងនោះ ផ្ទៃដី មានមីន ៧៨៨ គីឡូម៉ែត្រក្រឡាដែលកម្ពុជា ត្រូវបោសសម្អាតឲ្យអស់ត្រឹមឆ្នាំ ២០២៥ ៕ សេង ណារិទ្ធ