អ្នកឧកញ្ញា សៀង ណាំ ចុះពិនិត្យសកម្មភាពក្រុមការងារស្ថាបនាផ្លូវក្នុងក្រុងសៀមរាប

សៀមរាប៖ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នា២០២២នេះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប បានអញ្ជើញចុះពិនិត្យផ្ទាល់ នូវសកម្មភាពមមាញឹករបស់ក្រុមការងារ ដែលកំពុងស្ថាបនាផ្លូវពីចំនុចផ្លូវក្រវ៉ាត់ក្រុង ឆ្ពោះទៅភូមិភ្នំក្រោម ស្ថិតក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ដែលមានទទឹង ១១ម៉ែត្រ និងប្រវែង ៥៣០០ម៉ែត្រ។

ក្នុងឱកាសនោះ ឯកឧត្តមមានប្រសាសន៍ថា សម្រាបផ្លូវដែលកំពុងស្ថាបនានេះ គឺមានសារសំខាន់ណាស់ ដើម្បីរួមចំណែកសម្រួលដល់ការធ្វើដំណើរ ជូនបងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវក្នុងការដឹកជញ្ជូនកសិផល និងប្រកបមុខរបរប្រចាំថ្ងៃ នឹងក៏ជាការលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបយើង ឲ្យមានសោភ័ណភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលំហែកាយប្រកបដោយផាសុកភាពផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានជំរុញឲ្យក្រុមការងារទាំងអស់ដែលស្ថាបនាផ្លូវនេះ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការសាងសង់ ទាំងគុណភាព និងភាពរឹងមាំ កុំធ្វេសប្រហែសឲ្យសោះ។ ក្នុងនោះក៏ត្រូវពន្លឿនបន្ថែមទៀត ដើម្បីឲ្យរួចរាល់ជាស្ថាពរក្នុងពេលឆាប់ៗ សម្រាប់ទទួលភ្ញៀវមកពីបណ្តាលខេត្តផ្សេងៗ មកកម្សាន្តនៅខេត្តទេសចរណ៍ប្រវត្តិសាស្ត្រយើងកាន់តែច្រើនឡើង នាឱកាសពិធីបុណ្យប្រពៃណីជាតិខ្មែរខាងមុខនេះ៕អត្ថបទ៖ Reach