កំពង់ចាម : ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម អមដំណើរ ដោយ មន្ត្រី ពាក់ព័ន្ធ និង អាជ្ញាធរ មូលដ្ឋាន នាព្រឹក ថ្ងៃទី ៣ ខែមិនា ឆ្នាំ ២០២២ នេះ បាន អញ្ជើញ ចុះ ពិនិត្យ គម្រោង ស្ថាបនា ផ្លូវ និង ប្រព័ន្ធ លូ រំដោះ ទឹក ភ្លៀង ក្នុង សង្កាត់ សំបួរមាស និង សង្កាត់ បឹងកុក ក្រុងកំពង់ចាម ។
ក្នុង ដំណើរ អញ្ជើញ ចុះ ពិនិត្យ គម្រោង ស្ថាបនា ផ្លូវ ខាង លើនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ធ្វើការ សំណេះសំណាល សាកសួរ សុខទុក្ខ ដល់បងប្អូន ប្រជាពលរដ្ឋ ដែល រស់នៅ អម សងខាង ផ្លូវ ឲ្យ ចូលរួម ជាមួយ អាជ្ញាធរ ដេីម្បី បន្ត ធ្វើការ អភិវឌ្ឍន៍ សំដៅ ធ្វើយ៉ាងណា ឲ្យ មានការ រីកចម្រើន ក្នុង មូលដ្ឋាន ព្រមទាំង អំពាវនាវ ឲ្យ មានការ ចូលរួម ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ ផងដែរ ។ ជាមួយនឹង ការ ស្ថាបនា ផ្លូវ នេះដែរ បងប្អូន ប្រជាពលរដ្ឋ ដែល រស់នៅ ក្នុង តំបន់ នោះ ពិត ជា មាន ការ ត្រេកអរ ជា ខ្លាំង បេី ទោះបីជា ស្ថិត ក្នុង បរិបទ កូវីដ -១៩ អាជ្ញាធរ ខេត្តកំពង់ចាម នៅតែ បន្ត ធ្វើការ អភិវឌ្ឍន៍ ជា បន្តបន្ទាប់ ជាក់ស្តែង ដូចជា ការ ស្ថាបនា ជាផ្លូវ បេតុង នេះ បង្ក លក្ខណៈ ងាយ ស្រួល ដល់ ការ ធ្វើដំណើរ ពីសំណាក់ បងប្អូន ប្រជាពលរដ្ឋ ។
លោក ប្រាក់ ទិត្យ ប្រធាន ទីចាត់ការ ផែនការ និង វិនិយោគ ខេត្តកំពង់ចាម បានឲ្យដឹងថា គម្រោង ស្ថាបនា ផ្លូវ និង ប្រព័ន្ធ លូ រំដោះ ទឹក ភ្លៀង ក្នុង ក្រុងកំពង់ចាម ដែល ឯកឧត្ដមអភិបាលខេត្ត ដឹកនាំ ក្រម ការងារ ចុះ ពិនិត្យ នេះ រួមមាន នៅ សង្កាត់ សំបួរមាស មាន ចំនួន ២ខ្សែ ដោយខ្សែ ទី១ មានប្រវែង ១៤០ ម៉ែត្រ នៅជាប់ សាលា បឋម សិក្សា និង វិទ្យាល័យ សំបួរមាស ជា ផ្លូវ បេតុង សម្រាប់ គម្រោង ឆ្នាំ ២០២៣ និង ខ្សែ ទី២ ប្រវែង ១៣០ម៉ែត្រ ពី ចំណុច ផ្សារ ព្រែក ដេីម ចាន់ ឆ្ពោះ ទៅ ភូមិ តាណេង ដែល ជា ការ ជួសជុល ផ្លូវ ក្រាល កៅស៊ូ ។ ដោយឡែក គម្រោង ស្ថាបនា ផ្លូវ នៅសង្កាត់ បឹងកុក ដែល សាងសង់ រួចរាល់ ជាស្ថាពរហេីយនោះ គឺ ផ្លូវ បេតុង អាមេ មួយ ខ្សែ ប្រវែង ១៣០ម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថិត ក្នុង ភូមិ មេម៉ាយ និង ជាប់ គ្នា មួយ ខ្សែ ទៀត ជា ផ្លូវ ក្រាល កម្ទេច ថ្ម ភ្នំ ដែល ត្រូវ ស្ថាបនា ជា ផ្លូវ បេតុង សម្រាប់ គម្រោង ឆ្នាំ ២០២៣ ផងដែរ ៕





































