អាជ្ញាធរស្រុកឆែប ខេត្តព្រះវិហារ កំពុងរៀបចំទីធ្លាចាក់សម្រាមមួយឲ្យបានសមរម្យ ដើម្បីលើកកម្ពស់ការអនាម័យ និងការរក្សាបានបរិស្ថានល្អ ជូនប្រជាពលរដ្ឋនៅក្នុងមូកដ្ឋាន បញ្ជៀសបានពីភាពកង្វក់ និងមានផាសុខភាពខ្ពស់

0

ខេត្តព្រះវិហារ៖ ផ្ទៃដីបម្រុងទុករបស់រដ្ឋមួយកន្លែង ដែលមានទំហំប្រមាណ ៣៦ហិចតា ត្រូវបានអាជ្ញាធរស្រុកឆែប កំណត់យកមកធ្វើជាទីធ្លាសម្រាប់ស្តុកទុក នូវកាកសំណល់រឹង ក្នុងគោលបំណងបញ្ជៀសភាពកង្វក់ ជួយលើកកម្ពស់ការអនាម័យ រក្សាបាននូវបរិស្ថានស្អាត និងធ្វើឲ្យប្រជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន រស់នៅប្រកបដោយផាសុខភាពខ្ពស់។

អភិបាលស្រុកឆែប លោក សុខ សានតារា នៅថ្ងៃទី៣មិនានេះ បានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យទីតាំងមួយកន្លែង ដែលអាជ្ញាធរស្រុកបានគ្រោងទុក និងកំពុងដំណើរការកសាងទីធ្លារចាក់សម្រាម (កាកសំណល់រឹង) នោះ ឲ្យបានសមរម្យ ដែលមានចម្ងាយប្រមាណជិត ៣គីឡូម៉ែត្រ ពីទីប្រជុំជនស្រុក ស្ថិតនៅក្នុងភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ។

តំណាងមេឃុំឆែប១ លោក ខាំ ភាន បានប្រាប់ឲ្យដឹងថា ផ្ទៃដីចាក់សម្រាមនេះ មានទំហំ ៣៦ហិចតា គឺអាជ្ញាធរភូមិ ឃុំ និងស្រុក បានសហការគ្នារក្សាទុកជាយូរមកហើយ ដើម្បីយកទីតាំងនេះ មកធ្វើជាទីចាក់សម្រាម។ លោកបន្តថា នៅពេលដែលអាជ្ញាធរចុះអនុវត្តគម្រោង ផ្ទៃដីទាំងនេះមានភាពចម្រូងចម្រាស់ខ្លះៗ ជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងពលរដ្ឋមកពីស្រុកផ្សេងៗទៀត ប្រមាណ២៥គ្រួសារ ដោយសារពួកគាត់បានលួចចូលកាប់រុករានទន្ទ្រានកាន់កាប់ជាកម្មសិទ្ធិ ដោយខុសច្បាប់។

លោក ខាំ ភាន បានបញ្ជាក់ថា ផ្ទៃដីបម្រុងទុក និងប្រជាពលរដ្ឋបានលួចកាប់ទន្ទ្រាននេះ ភាគច្រើនអាជ្ញាធរមិនបានទទួលស្គាល់ពីការកាន់កាប់នោះទេ តែមានចំនួនតិចតួចគ្រួសារណាស់ ដែលអាជ្ញាធរភូមិ ឃុំដឹងឭ ដោយសារពួកគាត់បានដាំដុះដំណាំកសិកម្មរួចហើយ។

ប្រជាពលរដ្ឋម្នាក់ ក្នុងចំណោមគ្រួសារផ្សេងទៀត ដែលមានការពាក់ព័ន្ធនឹងការចូលទន្ទ្រានកាន់កាប់យកដីរដ្ឋជាកម្មសិទ្ធ នៅក្នុងមូលដ្ឋាននោះ លោក ឡឹក សារុន បានបញ្ជាក់ ដោយទទួលស្គាល់ថា ផ្ទៃដីដែលលោកបានចូលកាប់ទន្ទ្រានយកនោះ មានទំហំ ១៦ហិចតា ហើយដីព្រៃទាំងនេះ លោកមិនបានទិញដូរពីប្រជាពលរដ្ឋ ឬមន្ត្រីណាមួយឡើយ។ ប៉ុន្តែ ពេលនេះអាជ្ញាធរត្រូវការអភិវឌ្ឍតំបន់នេះ លោកបានសម្រេចចិត្តប្រគល់ជូន ឲ្យយកមដាក់ជាសម្បត្តិរដ្ឋវិញ ដោយមិនទាមទាសំណងអ្វីឡើយ។

អភិបាលស្រុកឆែប លោក សុខ សានតារា បានប្រាប់ឲ្យដឹងថា ការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន មានច្រើនស្ទើរគ្រប់វិស័យ កាលពីឆ្នាំកន្លងៗទៅ ប៉ុន្តែ ការអភិវឌ្ឍន៍មួយទៀត ដែលមិនទាន់សម្រេចបានតាមគោលការ គឺបញ្ហាភាពកកស្ទះកាកសំណល់រឹង នៅមិនទាន់បានរកទីចាក់សម្រាមឲ្យបានសមរម្យនៅឡើយ។ លោកបន្តថា ខណៈនេះអាជ្ញាធរស្រុក បានរកទីចាក់សម្រាមបានហើយ ដោយអនុវត្តស្របទៅតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល ដែលមានក្រសួងបរិស្ថានជាសេនាធិការ។

លោក សុខ សានតារា បានបញ្ជាក់ថា រដ្ឋបាលថ្នាក់ក្រោមជាតិ មានលោក ប្រាក់ សុវណ្ណ ជាអ្នកដឹកនាំ និងលោកតែងបានជម្រុញដល់ថ្នាក់ស្រុក ពិសេស ស្រុកឆែប ត្រូវបន្តបង្កើនការអភិវឌ្ឍន៍ថែមទៀត និងក៏ត្រូវរកទីកន្លែងសម្រាប់ចាក់សម្រាមមួយឲ្យបានសមរម្យ ព្រោះថា បើកាកសំណល់ទាំងអស់នោះ នៅរាយប៉ាយពាសវាលពាសកាល ធ្វើឲ្យការរស់នៅរបស់ប្រជាពលរដ្ឋ បាត់បង់នូវសោភ័ណ្ឌភាព បង្កើនភាពកង្វក់ ខ្វះបរិស្ថានស្អាត គ្មានការអនាម័យ និងគ្មានផាសុខភាពនោះឡើយ។

លោកអភិបាលស្រុកឆែប បានបញ្ជាក់ទៀតថា ការរៀបចំទីចាក់សម្រាមឲ្យបានត្រឹមត្រូវណាពេលនេះ គឺមានក្រុមហ៊ុនមកវិនិយោគ ស្របទៅនឹងគោលការរបស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញ និងធ្វើការផ្សព្វផ្សាយ។ ដូច្នេះ រយៈកាលកន្លងមកនេះ អាជ្ញាធរស្រុកបានកំណត់យកតំបន់នេះទាំងស្រុង ធ្វើជាទីលានចាក់សម្រាម ដែលស្របទៅនឹងគោលការ បទដ្ឋានគតិយុត្តិទាំងឡាយ និងសេចក្តីណែនាំរបស់ក្រសួងបរិស្ថាន ៕ដោយ៖ឡុង សំបូរ