លោកវុធ តារ៉ា ត្រូវបានប្រកាសតែងតាំងមុខតំណែងជាអភិបាលថ្មីស្រុកជាំក្សាន្ត ជំនួសលោក ជា គឹមសេង ដែលត្រូវផ្ទេរទៅបម្រើការងារនៅក្រសួងមហាផ្ទៃ

0

ខេត្តព្រះវិហារ៖ លោកជា គឹមសេង អភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានប្រកាសផ្ទេរទៅបម្រើការងារនៅក្រសួងមហាផ្ទៃ នឹងតែងតាំងលោក វុធ តារ៉ា អតីតអភិបាលរងស្រុកជាំក្សាន្ត ជាអភិបាលថ្មីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ពិធីផ្ទេរតំណែងនេះ ស្ថិតក្រោមវត្តមាន ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ ឧត្តមសេនីយ៍ទោ ជូ តុងអាន មេបញ្ជាការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ស្រុក ឃុំ ជាច្រើនរូបទៀត ។

នៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មី ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានថ្លែងឲ្យដឹងថា៖ ការផ្លាស់ប្តូរតំណែងអភិបាលស្រុកជាំក្សាន្តនាពេលនេះ មិនមែនដោយសារការដកតំណែង ឬដោយសារមានកំហុសអ្វីទេ ។ ឯកឧត្តមបានបញ្ជាក់ថា៖ មូលហេតុដែលមានការផ្លាស់ប្តូរ ដោយសារតែអតីតលោកអភិបាលស្រុកចាស់ និងភរិយា ត្រូវការពេលវេលាចាំបាច់មួយ ដើម្បីព្យាបាលជំងឺ ចឹងហើយទើបរូបគាត់ព្រួយបារម្ភខ្លាចក្រែងរដ្ឋបាលស្រុក មិនបានមប្រើសេវាដិតដល់ជូនប្រជាពលរដ្ឋ និងរូបគាត់ចង់ផ្តល់ឱកាស ដល់មន្ត្រីបន្តវេន ទើបគាត់លះបង់តំណែងជាអភិបាលស្រុក ដោយស្នើសុំថ្នាក់ដឹកនាំ ដើម្បីមកបម្រើការនៅទីស្តីការក្រសួងមហាផ្ទៃវិញ ។

ជាមួយគ្នានេះ ឯកឧត្តម ប្រាក់ សុវណ្ណ បានធ្វើការណែនាំដល់លោកអភិបាលស្រុក ដែលទើបបានចូលកាន់តំណែងថ្មី ត្រូវរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង រួបរួមសហការគ្នា អនុវត្តការងារសំខាន់ៗរួមមាន៖

_ត្រូវចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាវិធានការការពារក្រសួងសុខាភិបាល ទប់ស្កាត់ការរាលដាលជំងឺកូវី-១៩ជាពិសេសជំងឺបំលែងថ្មីអូរមីក្រុង ។
បន្តរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាព នយោបាយ ស្ថិរភាពសង្គមឲ្យបានល្អប្រសើរ ដោយលើកកម្ពស់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនូវទូទាំងស្រុក ។
ត្រូវលើកកម្ពស់ជាប្រចាំនូវរបៀបរបបបំពេញការងារ និងការបែងចែកភារកិច្ចគណៈអភិបាល ដែលបានកំណត់ ព្រមទាំងខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្តៃក្នុងឲ្យបានល្អ ក៏ដូចជាបញ្ជាជុំរុញការដោះស្រាយទំនាស់ដីធ្លី ទប់ស្កាត់ប្រជាពលរដ្ឋធ្វើចំណាកស្រុក ជុំរុញការចុះបញ្ជីរដីធ្លី ជុំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលឲ្យមានវឌ្ឍនៈភាពតាមការកំណត់៕ សួនលីណា