មេឈ្មួញឈើប្រចាំស្រុកសំឡូត វាយគ្នាផ្អើលដល់ប៉ូលិស រឿងដណ្តើមម៉ូយលក់ដី

0

ខេត្តបាត់ដំបង: មនុស្សមួយក្រុមដែលដែលក្នុងនោះមានស្ត្រីម្នាក់ ជាមេឈ្មួញរកស៊ីឈើដ៏ធំប្រចាំតំបន់ក្បែរព្រំដែនថៃ បានប្រើហឹង្សា ទាញគល់អុសវាយគ្នាទៅវិញទៅមក រហូតបែកឈាមខ្ចាយ និងត្រូវប៉ូលិសឃាត់ខ្លួនបាន២នាក់។

ហេតុការនៃអំពើហឹង្សា ឈានដល់ការបង្ករបួសស្នាម បានកើតឡើងកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២២ វេលាម៉ោងប្រហែល ៧ ព្រឹក នៅចំណុចភូមិអូរដើមចេក ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលជាករណីជម្លោះដណ្តើមគ្នាកាយដីដឹកចាក់លក់ រវាង២ភាគី។

ដំបូងហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស បាន បង្កឡើងដោយជនសង្ស័យឈ្មោះ នូ សឿន ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ដោយសារតែដណ្តើមម៉ូយគ្នាដឹកដីលក់បានប្រើដុំភ្លើងសាកថ្មទូរស័ព្ទនៅក្នុងកាបូបវាយទៅលើឈ្មោះ គង់ ចាន់ថន ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភូមិកញ្ចាំង   ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង បណ្តាលអោយបែកម្រាមដៃម្ខាង។

ភ្លាមៗនោះដែរឈ្មោះ គង់ សុខជូ (ហៅធី) ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះខាងលើបានយកឈើគល់អុសទៅវាយឈ្មោះនូ សឿន វិញ និងប្រពន្ធឈ្មោះ រើត សុខា ភេទស្រី អាយុ៥១ឆ្នាំ ហៅយាយមាន់ ( ជាមេឈ្មួញរកសុីឈើប្រចាំស្រុកសំឡូត ) បណ្តាលអោយរបួសបែកក្បាល ។

ករណីនេះសមត្ថកិច្ចបានអនុវត្តតាមបញ្ជារបស់ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យឈ្មោះ គង់ សុខជូ(ហៅធី) និងជនសង្ស័យឈ្មោះ នូ សឿន ដើម្បីកសាងសំណុំរឿងទៅការិយាល័យជំនាញខេត្តតាមនីតិវិធី ៕ អត្ថបទ : ព្រាប.ស