រតនគិរីៈ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនលេខ៦២៣ កាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០១៤នេះបានស្ទះចាប់រថយន្តឡង់គ្រីស័រ១គ្រឿងបន្លំដឹកឈើប្រណិតប្រភេទធ្នង់ខណៈពេលដែលកំពុងធ្វើដំណើរតាមផ្លូវជាតិលេខ៧៨ ត្រង់ចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
កម្លាំងនគរបាលដែលចុះប្រតិបត្តិការប្រាប់ឲ្យដឹងថា ដោយសង្ស័យរថយន្តខាងលើថាមានបន្លំដឹកឈើប្រណិតឆ្ពោះទៅកាន់ប្រទេសវៀតណាមនោះក៏ធ្វើការស្ទះរថយន្តឲ្យឈប់ដើម្បីត្រួតពិនិត្យហើយឃើញមានឈើជាច្រើនដុំក៏ចាប់តែម្តង។ កម្លាំងនគរបាលខាងលើប្រាប់បន្តទៀតថា រថយន្តម៉ាកឡង់គ្រីស័រនេះពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ2G-7499 និងម្ចាស់ឈ្មោះ ថោង សុខឡាយ មន្ត្រីយោធាស្នាក់នៅក្រុងបានលុង ខេត្តរតនគិរី។ កម្លាំងនគរបាលខាងលើបញ្ជាក់ឲ្យដឹងទៀតថា ឈើប្រណិតប្រភេទធ្នង់មានចំនួន២១ដុំ មានមុខកាត់តូច ធំ និងប្រវែងខ្លី វែង លាយចម្រុះគ្នា។
នៅព្រឹកថ្ងៃដដែលនេះដែរ(ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៤) កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនលេខ៦២៣ ប្រគល់វត្ថុតាងរថយន្តឡង់គ្រីស័រ១គ្រឿង ផ្ទុកឈើប្រណិតប្រភេទធ្នង់នេះជូនខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី ដើម្បីចាត់ការតាមច្បាប់។ បើទោះបីសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធខិតខំទប់ស្កាត់ការដឹកជញ្ជូនឈើប្រណិតយ៉ាងណាក៏ដោយ នៅតែមានក្រុមឈ្មួញឆ្លៀតឱកាសហាក់បីដូចជាមិនខ្លាចច្បាប់ទាល់តែសោះ៕ ដោយផន សុខជាតិ