សៀមរាប៖ ផ្ទះមនុស្សធម៌ទី៨២ ដែលជាការឧបត្ថម្ភដោយឧកញ៉ា អ៊ឹង លីហេង និងភរិយា តាមរយៈគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចំណាយថវិកាអស់ចំនួន ៣,៨០០ដុល្លារ ដែលមានទំហំ ៦ម៉ែត្រ x ៦ម៉ែត្រ ត្រូវបានប្រគល់ជូនអ្នកស្រី សំ អង ស្ត្រីមេម៉ាយក្រីក្រ អាយុ៤៧ឆ្នាំ មានកូន៥នាក់ ស្ថិតនៅភូមិចាន់ហៀរ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។
ពិធីប្រគល់នេះដែរ ធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្ត រួមនឹងលោកជំទាវ អនុប្រធានគណ:កិត្តិយសាខា លោក លោកស្រី គណ:កិត្តិយស គណ:កម្មាធិការ អនុសាខា អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
ក្នុងឱកាសនោះ លោកជំទាវ ទាង អេង ទៀ សីហា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្ត ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណ: ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចមានពាក្យស្លោកមួយឃ្លា បានលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល”។ ចំពោះផ្ទះមនុស្សធម៌ ដែលប្រគល់ជូនអ្នកស្រី សំ អង ចាប់ពីពេលនេះតទៅ ដើម្បីបានជាជម្រក ជាម្លប់ដ៏កក់ក្តៅតទៅថ្ងៃអនាគត ជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនផងដែរ។
លោកជំទាវ ក៏បានក្រើនរម្លឹកដល់លោកយាយ លោកតា អ៊ំពូមីង សូមមេត្តាថែរក្សាសុខភាពឲ្យបានល្អគ្រប់ៗគ្នា ប្រសិនបើបងប្អូន និងកូនៗមានជំងឺ ឬគ្រោះថ្នាក់ផ្សេងៗ សូមប្រញាប់បញ្ជូនទៅមណ្ឌលសុខភាព ដែលនៅជិតបងប្អូនបំផុត ដើម្បីព្យាបាល។ មួយវិញទៀត សូមចូលរួមសហការទប់ស្កាត់ជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល គឺ៣.កុំ និង៣.ការពារឱ្យបានខ្ជាប់ខ្ជួន ។
ក្នុងឱកាសនោះដែរ ក៏មានអំណោយមនុស្សធម៌បន្ថែមសម្រាប់គ្រួសារទទួលបានផ្ទះជារួមមាន៖ មុង១, ភួយ៣, សារុង១, ក្រមា១, កន្ទេល១, អង្ករ៦០គ.ក្រ, មី ១កេស, ត្រីខ ១យួរ, ខ្នើយ២, អាវយឺត២, សម្ភារ:ផ្ទះបាយមួយចំនួន និងថវិកាចំនួន ៤សែនរៀល។ ជាមួយគ្នានេះដែរ សមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ខេត្តសៀមរាប បានឧបត្ថម្ភផ្ទាំងសូឡា និងអំពូល១ឈុត, ប្រតិភូរួមដំណើរក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនបន្ថែមទៀតផងដែរ។ សម្រាប់លោកតា លោកយាយ ចូលរួមក្នុងពិធីប្រគល់ផ្ទះនោះ ចំនួន៥០នាក់ ម្នាក់ៗទទួលបាន៖ អង្ករ ៣០គ.ក្រ, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ ឃីត១កញ្ចប់ (មុង ភួយ សារុង ក្រមា) អាវយឺត២ និងថវិកា៤ម៉ឺនរៀល៕





































