ព្រះសង្ឃត្រូវឆ្នោតជាតិ ១៨ លានបាត តាំងតុចែកលុយដល់ប្រជាពលរដ្ឋ ផ្អើលប្រទេសថៃ

ប្រជាពលរដ្ឋរាប់ពាន់នាក់ បានតម្រង់ជួរយ៉ាងគគ្រឹកគគ្រេង ចូលទៅទទួលអំណោយពីព្រះសង្ឃ១អង្គ ដែលលោកបានទិញឆ្នោតជាតិ ហើយបានត្រូវរង្វាន់ទី១ ( រង្វាន់ធំ ៦.០០០.០០០ បាត )រហូតដល់ទៅ ៣ សន្លឹក នាពេលកន្លងទៅថ្មីៗនេះ។គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមីនា ឆ្នោតជាតិរបស់ប្រទេសថៃបានចេញរង្វាន់ធំ គឺរង្វានទី១ ដែលមានលេខ ០៦១៩០៥ ដែលរង្វាន់ធំនេះមានតម្លៃរហូតដល់ ៦ លានបាត។នៅក្នុងពេលនោះដែរព្រះចៅអធិការព្រះនាម កៃ ដែលគង់ក្នុងវត្តមួយកន្លែង ស្ថិតក្នុងស្រុកប៉ាថាភ្នំ ខេត្តនគរភ្នំ បានត្រូវរង្វាន់ធំនេះរហូតដល់ ៣ សន្លឹក

ដែលស្មើទឹកប្រាក់ ១៨ លានបាត។ដោយសារតែព្រះអង្គមានចិត្តបុណ្យ ទើបព្រះអង្គបានផុសនៅលើបណ្តាញសង្គមកាលពីថ្ងៃទី៥ មីនាថាព្រះអង្គនឹងចែកលុយដល់ប្រជាពលរដ្ឋទាំងអស់នៅខាងមុខទីអារាម ចាប់ពីម៉ោង១រសៀលតទៅ គឺការចែកនេះមានរយ:ពេល២ថ្ងៃ គឺថ្ងៃទី៥ និងទី៦ ដោយក្នុងម្នាក់ៗទទួលបាន ៥០០ បាត ហេតុដូច្នេះសូមពុទ្ធបរិស័ទទាំងអស់មកទទួលយកដោយត្រូវពាក់ម៉ាស់អោយបានគ្រប់ៗគ្នា។

 

នៅថ្ងៃដំបូងគឺព្រះអង្គចែកលុយអស់ចំនួន ៥ សែនបាត លុះដល់ថ្ងៃបន្ទាប់ ព្រះអង្គចែកអស់ ៨ សែនបាត ព្រមទាំងបានបរិច្ចាកដល់មន្ទីរពេទ្យកុមារអស់ចំនួន ៤ លានបាត ក្នុងនោះសម្រាប់វត្តទាំងអស់ដែលស្ថិតក្នុងស្រុកប៉ាថាភ្នំ គឺទទួលបានក្នុង១វត្ត ១ មុឺនបាត រួមទាំងថ្ងៃទឹក ភ្លើង ផងដែរ។

នៅថ្ងៃនេះដែរ ប្រជាពលរដ្ឋបាននាំគ្នាលែងរបាំយ៉ាងគគ្រឹកគគ្រេងពេញក្នុងទីអារាម ជាការដឹងគុណដល់ព្រះអង្គដែលមានចិត្តជ្រះថ្លាក្នុងការចែកទានដល់ពលរដ្ឋគ្រប់រូបនៅក្នុងតំបន់នោះ ៕ អត្ថបទ : ព្រាប.ស