ជ្រោយហ្គាហ្សាត្រូវការប្រាក់7,8ពាន់លានដុល្លារក្នុងការកសាងឡើងវិញក្រោយសង្គ្រាមវាយប្រហារពីអីស្រាអែល សង្គ្រាមបានបំផ្លាញអ្វីៗគ្រប់បែបយ៉ាង ទាំងអាយុជីវិតនិងទ្រព្យសម្បត្តិ ប៉ុន្តែបើទោះបីដឹងបែបនេះក៏ដោយក៏នៅមានប្រទេសជាច្រើន ធ្វើសង្គ្រាមជាចាំបាច់ដើម្បីភាពឋិតថេរបស់ខ្លួន។ អ្នកទទួលខុសត្រូវប៉ាឡេស្ទីនម្នាក់ វាយតម្លៃកាលពីថ្ងៃទី៦ កញ្ញា ថា ទឹកប្រាក់ចំនួន៧,៨ពាន់លានដុល្លារ ត្រូវការចាំបាច់សម្រាប់ការកសាងឡើងវិញនៅជ្រោយហ្គាហ្សាដែលរងការ បំផ្លាញធ្ងន់ធ្ងររយៈពេល៥០ថ្ងៃ ដោយសារការវាយលុករបស់អីុស្រាអែលប្រឆាំងដែនដីនោះ ។
លោក ម៉ូហាម៉េដ អីុស្ទើយ៉ា នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចបា៉ឡេស្ទីន ទទួលបន្ទុកការអភិវឌ្ឍន៍ និងកសាងឡើងវិញ ក្នុងសន្និសីទសារព័ត៌មានមួយនៅក្រុងរ៉ាម៉ាល់ឡាហ៍ គូសបញ្ជាក់ថា ការខូចខាតដោយផ្ទាល់ និងដោយប្រយោល ដោយសារការវាយប្រហាររបស់អីុស្រាអែល ប្រឆាំងជ្រោយហ្គាហ្សាមានទឹកប្រាក់ដល់ទៅ៤,៤ពាន់លានដុល្លារ ។
ទឹកប្រាក់៣,៤ពាន់លានដុល្លារទៀត ដែលត្រូវការគឺសម្រាប់បណ្តាគម្រោងអភិវឌ្ឍន៍នៅហ្គាហ្សាក្នុងនោះ រួមមានការបង្កើតកំពង់ផែសមុទ្រមួយ និងស្ថានីយចម្រាញ់ទឹកប្រៃមកជាទឹកសាបមួយ ។ អ្នកទទួលខុសត្រូវបា៉ឡេស្ទីនរូបនោះធ្វើការ កត់សម្គាល់ថា ដំណើរការនៃការកសាងឡើងវិញទាមទារឱ្យមានការលុបចោលការហ៊ុមព័ទ្ធ ទាំងស្រុងរបស់អីុស្រាអែលដើម្បីអាចទទួលបានការធ្វើចរាចរណ៍ទាំង សម្ភារ និងមនុស្សកាត់តាមចំណុចឆ្លងកាត់នានាហើយ ធានាការចូលរួមជាសាកលក្នុងដំណើរការនោះ ។ លោកបន្តថា ការវាយលុករបស់អីុស្រាអែល ប្រឆាំងជ្រោយហ្គាហ្សា ប៉ះពាល់ដល់ផ្ទះ ៦០.០០០ខ្នង ក្នុងនោះ២០.០០០ខ្នង ពុំអាចរស់នៅបាន ហើយក្រៅពីនេះរងការខូចខាតមួយផ្នែកឬធ្ងន់ធ្ងរ ។
ចំណែកគំនរបាក់បែកដោយសារការបំផ្លាញមានដល់១,៨លានតោន ។ អីុស្រាអែលបានធ្វើការវាយលុកដោយទ្រង់ទ្រាយធំ មួយប្រឆាំងជ្រោយហ្គាហ្សា ពីថ្ងៃទី៨ កក្កដា មក ដោយសម្លាប់ជនបា៉ឡេស្ទីន ២.១៤០នាក់ ហើយបំផ្លាញផ្ទះឬអគារជាច្រើនពាន់ខ្នង រួមទាំងហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ ។ ថ្ងៃទី២៦ សីហា បទឈប់បាញ់គ្នាជាសាកលមួយនៅជ្រោយហ្គាហ្សាសម្រេចបានរវាងពួកបា៉ ឡេស្ទីន និងអីុស្រាអែលក្រោមការជួយជ្រោមជ្រែងរបស់អេហ្ស៊ីប។ដោយផន សុខជាតិ