នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានចាកចេញពីទីក្រុងតូក្យូ នៅថ្ងៃសៅរិ៍នេះ ធ្វើដំណើរទៅកាន់ ប្រទេសបង់ក្លាដែស និងស្រីលង្កា សម្រាប់កិច្ចពិភាក្សា ជាមួយនឹងថ្នាក់ ដឹកនាំទាំងពីរ ដើម្បីជំរុញបន្ថែមនូវទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខ។ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៤ នេះដោយដកស្រង់ សម្តីលោក អាបេ បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ មុនពេលរូបលោក ចាកចេញពី ទីក្រុង តូក្យូថា “ខ្ញុំសង្ឃឹមថានឹងធ្វើឲ្យ ប្រសើរឡើងនូវចំណងទាក់ទងជាមួយនឹងប្រទេសទាំងពីរ។ខ្ញុំធ្វើដំណើរទៅកាន់ទីនោះក្នុងនាមជា ថ្នាក់ដឹកនាំរបស់ ប្រទេសជប៉ុន និងសង្ឃឹមថាខិតខំ ដើម្បីធ្វើឲ្យប្រសើរឡើងវិញនូវ សេដ្ឋកិច្ចរបស់ប្រទេស ជប៉ុន”។
ប្រភពពីរដ្ឋមន្ត្រីជប៉ុន បាននិយាយថា នៅក្នុងអំឡុងពេលទស្សនកិច្ចរហូតដល់ថ្ងៃចន្ទខាងមុខ នេះ លោក អាបេ មានគម្រោងបង្កើតកិច្ចព្រមព្រៀងស្ដីពីការ លើកកម្ពស់ វិស័យពាណិជ្ជកម្ម និងការវិនិយោគ នៅក្នុងកិច្ច ប្រជុំជាមួយនាយករដ្ឋមន្ត្រីបង់ក្លាដែស នៅថ្ងៃសៅរិ៍នេះ នៅទីក្រុងដាកា និងប្រធានាធិបតីស្រីលង្កា នៅ ថ្ងៃអាទិត្យ ខាងមុខនេះ នៅទីក្រុងកូឡុំបូ។
នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ និងប្រធានាធិបតីស្រីល័ង្កាលោក រ៉ាចាប៉ាស្កា មានគម្រោង ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការ ស្តីពីសន្តិសុខដែនសមុទ្រ នៅក្នុងការ ប្រឈមមុខ នឹងមហិច្ឆតាពង្រីកទឹកដីរបស់ប្រទេស ចិន ផងដែរ៕ដោយផន សុខជាតិ