​យុទ្ធសាស្ត្រ​ទប់ទល​រុស្ស៊ី​ជា​របៀប​វរៈ​ក្នុង​កិច្ចប្រជុំ​របស់​ណា​តូ​

0

​មេដឹកនាំ​របស់​បណ្តា​ប្រទេស​ជា​សមាជិក អង្គការ​អូតង់​បានមក​ជួបជុំគ្នា​នៅ NEWPORT ប្រទេស​អង់គ្លេស ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​២៦ របស់​អង្គការ​យោធា​ដ៏​មាន​ឥទ្ធិពល​នោះ ។ ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក​ដា​វីដ កា​មី​រ៉ូ​ន អធិការបតី​អាល្លឺម៉ង់​លោកស្រី​អេ​ន​ហ្សឺ​ឡា​ម័​រ​កែ​ល និង​ប្រធានាធិបតី​បារាំង​លោក​ហ្វ្រ​ង់​ស្វ័​រ​ហូ​ឡង់ ស្ថិត​ក្នុងចំណោម​មេដឹកនាំ​៦០​រូប​លើ​ពិភពលោក​ដែល​មក​ចូលរួម​ក្នុង កិច្ចប្រជុំ​កំពូល​នេះ​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​ប៉េ​ត្រូ ប៉ូ​រូ​ឆេន​កូ ក៏ត្រូវ​អញ្ជើញ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នេះដែ​លបើក​ទោះ​អ៊ុយ​ក្រែ​ន​មិនមែនជា​សមា​ជីក​ណា​តូ​ក៏ដោយ ។ អគ្គលេខាធិការ​អូតង់​លោក ANDERS FOGH RASMUSSEN ពេលមកដល់​ក្រុង NEWPORT ថ្លែងថា យើង​កំពុងតែ​ប្រឈមមុខ​នឹង​ការផ្លាស់ប្តូរ​គួរឱ្យភ្ញាក់ផ្អើល​មួយ​នៃ សភាពការណ៍​សន្តិសុខ ។ ប្រទេស​រុស្ស៊ី​វាយប្រហារ​អ៊ុយ​ក្រែ​ន ហើយ​ម្យ៉ាងវិញទៀត យើង​ឃើញ​ការបង្កើន​កម្លាំង​របស់​អង្គការ​ភេរវកម្ម​មួយ គឺ​ក្រុម​រដ្ឋ​អ៊ិ​ស្លាម​ដែល​បង្ក​នូវ​គ្រោះមហន្តរាយ​យ៉ាង​សែន​ទារុណ ហើយ​នៅ​តំបន់​ខ្លះទៀត​យើង​កត់សម្គាល់ឃើញ​អំពើហិង្សា និង​អស្ថេរភាព ។

ក្នុង​កិច្ចប្រជុំ​កំពូល​នោះ យើង​នឹង​ចាត់វិធានការ​សំខាន់​នានា​ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង ទាំងនោះ ហើយ​ពង្រឹង​កិច្ចការពារ​បណ្តា​សម្ព័ន្ធមិត្ត​យើង ។​ ​សន្តិសុខ​ត្រូវបាន​ពង្រឹង​យ៉ាងខ្លាំង​នៅ​ក្រុង NEWPORT ពិសេស​នៅ​សណ្ឋាគារ CELTIC MANOR RESORT ជា​កន្លែង​ប្រជុំ​ដោយ​កងកម្លាំង​ប៉ូលិស ទាហាន ព្រមទាំង​ឆ្កែ​ត្រូវបាន​ដាក់ពង្រាយ ។ កិច្ចប្រជុំ​កំពូល​នេះ​ផ្តោតលើ​បញ្ហា​ជា​អាទិភាព​៥​គឺ វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន និង​ទំនាក់ទំនង​រវាង​អូតង់ និង​រុស្ស៊ី អនាគត​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន ចម្លើយ​តប​ចំពោះ​ការគំរាមកំហែង​ថ្មីៗ ការពង្រឹង​ការគាំទ្រ​ដល់​បណ្តា​កងទ័ព​សម្ព័ន្ធ​មិត្ត និង​ការពង្រឹង​ភាពជា​ដៃគូ ។​ ​ក្នុង កិច្ចប្រជុំ​កំពូល​នេះ បណ្តា​មេដឹកនាំ​អូតង់​នឹង​ពង្រឹង​វត្តមាន​យោធា​អូតង់​នៅ​អឺ​រុ​៉​ប​ខាងកើត ហើយ​ជួយ​ទ្រទ្រង់​ដល់​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន ខណៈ​ប្រទេស​នេះ​កំពុងមាន​វិបត្តិ​ជាមួយ​រុស្ស៊ី ។ មែនហើយ ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​ជា​ប្រភព​នៃ​ភាព​តានតឹង​ពុំ​ធ្លាប់​មាននៅ​អឺ​រុ​៉​ប ចាប់តាំងពី​បញ្ចប់សង្គ្រាម​ត្រជាក់​មក ។

ប្រការ​ចាំបាច់​ត្រូវមាន​ការកែប្រែ​ទាំងស្រុង​នៃ​យុទ្ធសាស្ត្រ​របស់​អូតង់ ចំពោះ​រុស្ស៊ី ។​ ​មេដឹកនាំ​របស់​ប្រទេស​ទាំង​២៨ ជា​សមាជិក​របស់​អូតង់​នឹង​សម្រេច​បង្កើត​កងកម្លាំង​អន្តរាគមន៍​រហ័ស​មួយ​មាន ទាហាន​ជាច្រើន​ពាន់​នាក់ ដែល​អាចដាក់​ពង្រាយ​បាន​យ៉ាង​ឆាប់​ក្នុង​រយៈពេល​ត្រឹម​៤៨​ម៉ោង​ដើម្បី ប្រឈមមុខ​ទល់នឹង​គ្រោះថ្នាក់​ធំៗ​ទាំងឡាយ ។​ ដោយផន សុខជាតិ