តើលោកប្រធានសហគមន៍ព្រៃឈើ ឈូកមាស មានអំណាចអ្វី បានជាមានសិទ្ធិយកដីប្រជាពលរដ្ឋចែកឲ្យមន្រ្តីយោធា

0

ឧត្តរមានជ័យ: ប្រធានសហគមន៍ព្រៃឈើ ឈូកមាស ដែលស្គាល់ឈ្មោះ ប្រាក់ សុវណ្ណារ៉ា ហៅចក់ ជាប្រធានសហគមន៍ បានកំពុងធ្វើព្យុះធ្វើភ្លៀង ទៅលើប្រជាពលរដ្ឋ នៅភូមិជ្រឹងខាងកើត សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ចំពោះបុគ្គលរូបនេះ មិនដឹងថា មានខ្នងឥទ្ធិពលយ៉ាងណានោះទេ។

យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នភូមិជ្រឹងខាងកើត បានឲ្យដឹងថា ឈ្មោះ ប្រាក់សុវណ្ណារ៉ា ហៅចក់ ដែលមានតូនាទីជាប្រធានសហគមន៍បានប្រើអំណាចចុះចាប់ប្រជាពលរដ្ឋដែលកាត់ឈើ នៅខាងក្រោយផ្ទះប្រជាពលរដ្ឋ ប្រហែលជាង ១០០ម៉ែត្រ នៅក្នុងដីរបស់ខ្លួន ដើម្បីដុតធ្វើធ្យូងលក់ចិញ្ចឹងជីវភាពគ្រួសារ តែត្រូវក្រុមលោក ប្រាក់ សុវណ្ណារ៉ា ហៅចក់ ចុះចាប់ធ្វើកំណត់ហេតុផ្តិតមេដៃ ហើយគំរាមយកលុយ ដែលថ្នូរនឹងការប្រគល់ម៉ាស៊ីនឲ្យម្ចាស់វិញ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋថា ការប្រកាសដាក់ដីនៅក្នុងភូមិជ្រឹងខាងកើត ធ្វើជាតំបន់សហគមន៍ព្រៃឈើ ឈូកមាស ក្រោមការគ្រប់គ្រង់ពីឈ្មោះ ប្រាក់ សុវណ្ណារ៉ា ហៅចក់ មេភូមិ ឬប្រជាពលរដ្ឋក្នុងជ្រឹងខាងកើត ពុំបានដឹង ឬឯកភាពទទួលស្គាល់នោះឡើយ។ ហើយការកំណត់ព្រំដែនដីសហគមន៍ គឺលោក ប្រាក់ សុវណ្ណារ៉ា ហៅចក់ រួមជាមួយគណៈកម្ម ការនៅភូមិឈូកមាស នាំគ្នាបង្កើតសហគមន៍តែបក្សពួករបស់ខ្លួនប៉ុណ្ណោះ ដែលមិនមានប្រជាពលរដ្ឋនៅក្នុងភូមិជ្រឹងខាងកើតបានដឹងលឺនោះឡើយ។ ហើយចាប់តាំងពីការបង្កើតសហគមន៍ព្រៃឈើ ឈូកមាសនេះមក លោក ប្រាក់ សុវណ្ណារ៉ា ហៅចក់ និងបក្សពួក តែងតែធ្វើបាបប្រជាពលរដ្ឋជានិច្ច សូម្បីតែប្រជាពលរដ្ឋកាត់អុសធ្យូង ក៏ក្រុមសហគមន៍ព្រៃឈើឈូកមាសមិនលើកលែងឲ្យដែរ។

តើលោក ប្រាក់ សុវណ្ណារ៉ា ហៅចក់ មានអំណាចអ្វី មានសិទ្ធិអ្វី យកដីរបបប្រជាពលរដ្ឋនៅភូមិជ្រឹងខាងកើត ដែលអ្នកខ្លះមានដី ១ហិកតា ឬ ១ហិកតាកន្លះ ឬ ២ហិកតា យកទៅចែកឲ្យមន្រ្តីយោធា? នេះបើតាមឲ្យដឹងពីមន្រ្តីយោធានៅវរសេនាតូចលេខ ៤២៤ នៃកងពលតូចថ្មើរជើងលេខ៤២ បានប្រាប់ថា ឈ្មោះ ចក់ ឬសុវណ្ណារ៉ា បានយកដីរបបប្រជាពលរដ្ឋ ចែកឲ្យមេៗ នៅវរសេនាតូចលេខ៤២៤ ចំនួន ១០០ហិកតា នៅចំណុចភូមិជ្រឹងខាងកើត ដែលគេធ្វើបែបនេះ គឺចង់ឲ្យមន្ត្រីយោធា ប្រើអំណាចទៅឈ្លោះជាមួយប្រជាពលរដ្ឋ ហើយពេលនោះ មន្រ្តីយោធាមួយចំនួនបានបដិសេធមិនទទួលយក។ ដោយសារតែពួកគាត់ដឹងច្បាស់ថា ជាដីរបស់ប្រជាពលរដ្ឋនៅក្នុងភូមិជ្រឹងខាងកើត

តាមប្រភពពីមន្រ្តីយោធាម្នាក់បានប្រាប់ថា ស្រាប់តែពេលថ្មីៗ មានមន្រ្តីយោធាម្នាក់ ឈ្មោះ រ៉ំ បានយកត្រាក់ទ័រ ទៅភ្ជួរ នៅលើដីប្រជាពលរដ្ឋ ក្នុងអំឡុងពេលចុងខែមករា ឆ្នាំ២០២២ ដែលចំថ្ងៃសែនចិន៕ដោយ:ចាន់ ធី