សៀមរាប៖ អ្នកនាំពាក្សអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានបញ្ជាក់ថា ចំពោះការយកទង់ជាតិកម្ពុជាមកច្នៃធ្វើជាសម្លៀកបំពាក់ គឺជាទង្វើមិនត្រឹមត្រូវទាល់តែសោះ។ លោកលើកឡើងនេះ បន្ទាប់ពីពេលថ្មីៗនេះ មានក្រុមហ៊ុនមួយបានដាក់ពាក្យសុំមកកាន់អាជ្ញាធរជាតិអប្សរា ដើម្បីថតចម្រៀង នៅក្នុងការអនុញ្ញាតនោះ អាជ្ញាធរជាតិមិនបានដឹងថា មានការយកទង់ជាតិរបស់ខ្មែរមកគ្រងជាឯកសណ្ឋាននោះទេ ដោយតម្រូវឲ្យធ្វើការដកចេញនូវឈុត ដែលមានការយកទង់ជាតិមកច្នៃជាសម្លៀកបំពាក់នេះ ខាងភាគីក្រុមហ៊ុន ក៏បានកែសម្រួលរួចហើយដែរ។
លោក ឡុង កុសល បញ្ជាក់ថា ចំនុចដែលមិនសមរម្យ គឺនៅត្រង់ថា ទង់ជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺជានិមិត្តសញ្ញាមួយដែលយើងទាំងអស់គ្នា ជាជនជាតិខ្មែរគោរព ហើយមិនមែនត្រឹមតែយើងទាំងអស់គ្នាជាជនជាតិខ្មែរទេប៉ុន្តែទទួលស្គាល់ជាលក្ខណៈសកលលោកទូទៅ។ហើយទង់ជាតិនេះ តែងតែ ត្រូវតែបង្ហូតឡើងទៅលើ ដោយអមជាមួយនឹងភ្លេងជាតិ អមនឹងស្មរតីស្នេហាជាតិ ស្រលាញ់ទឹកដី ស្រលាញ់ជាតិមាតុភូមិ។ ចឹងការយកទង់ជាតិមករចនាជាម៉ូតសម្លៀកបំពាក់ គឺជាលក្ខណៈមិនត្រឹមត្រូវ មិនសមរម្យនោះទេ”។
ការយកទង់ជាតិមកច្នៃជាសម្លៀកបំពាក់ បានធ្វើឲ្យប៉ះពាល់ខ្លាំងដល់កិត្យានុភាពរបស់ជាតិ ទង់ជាតិជាដួងព្រលឹងរបស់ជាតិ នៅពេលយើងគោរពទង់ជាតិ យើងតែងច្រៀងនូវចម្រៀងជាតិ អមដោយភ្លេងជាតិដែលយើងទាំងអស់គ្នាគោរពស្រលាញ់ដោយស្មោះស្ម័គ្រអស់ពីបេះដូង ។ ទង់ជាតិត្រូវបានប្រើសម្រាប់ផ្តល់ជាកិត្តិយស ដោយយកទៅគ្របពីលើម្ឈូស របស់បុគ្គលសំខាន់ៗ ដូចជាឥស្សរជនឆ្នើមរបស់ជាតិ ឬដល់កងទ័ព ដែលពួកគាត់បានពលីដើម្បីជាតិជាដើម។ ដូច្នេះសម្រាប់យុវជនដែលចង់បង្ហាញនូវការស្រលាញ់ជាតិ ការស្រលាញ់វប្បធម៌នោះ គប្បីចូលរួមលើកតម្កើងនូវតម្លៃរបស់ជាតិ ដូចជាការចូលរួមកុំចោលសម្រាមផ្តេសផ្តាសនៅតាមរមណីយដ្ឋាន ឬតាមទីប្រាសាទនានា កុំដើរជាន់ស្មៅដែលអាជ្ញាធរជាតិខំដាំខំថែឲ្យមានភាពស្រស់បំព្រង ចតរថយន្តនៅតាមទីចំណតដែលបានរៀបចំ ដែលនោះជាការចូលរួមយ៉ាងធំធេង៕