អភិបាលខេត្តកំពង់ចាម​ ព្រមានចាត់វិធានការក្ដៅលេីបុគ្គលណាដែល​ស្តុកនូវឯកសារ​ សម្រាប់បម្រើសេវាសាធារណៈ​ដើម្បីចង់បានប្រយោជន៍ពីពលរដ្ឋ​

0

កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បាន​ថ្លែងថា​ បេីសិន​ជា​បាន​ដឹង​ថា​ មាន​បុគ្គល​ណា​មួយ​ដែលរពឹស​ដៃ​ ស្តុក​នូវ​ឯកសារ​សម្រាប់​បម្រើ​សេវា​សាធារណៈ​​ ដើម្បី​​ចង់បាន​ប្រយោជន៍​ដោះដូរជា​ថវិកា​ពី​បងប្អូន​ប្រជាពលរដ្ឋ​នោះ​ លោក​នឹង​លែង​មាន​ការ​យោគយល់ទៀត​ហេីយ​ ពោលគឺ​លោក​នឹង​ប្រគល់​ទៅ​ឲ្យ​ACU​ចាត់ការ​តាម​ផ្លូវ​ច្បាប់​តែម្ដង​ បេីសិន​ជា​បុគ្គល​នោះ​នៅតែមិន​ព្រម​ផ្លាស់​ប្រែ​តាម​ការ​អប់រំ​ណែនាំ​ ការ​ព្រមាន​បែប​នេះ​បាន​ធ្វេីឡេីង​ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត​កំពង់ចាម​ ​នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២​ ។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​លេីកឡេីងថា​ ចំពោះ​ឯកសារ​សម្រាប់​បំពេញ​ជា​សំបុត្រ​កំណើត​ ឬ​សំបុត្រ​បញ្ជាក់​កំណើត​ អាច​មាន​ការ​ខ្វះខាត​មួយ​ពេល​ៗ​ វាជារឿង​ជៀស​​មិន​ផុត​ទេ​ ព្រោះ​សេចក្តី​តម្រូវការ​វា​មាន​ច្រេីន​តាម​កំណើន​របស់​​ប្រជាពលរដ្ឋ​ តែទោះបីជាយ៉ាងណា​ អាជ្ញាធរ​ខិតខំ​ស្នើ​មក​ឲ្យបាន​គ្រប់​ចំនួន​តាម​អ្វី​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ចង់បាន​ ផ្ទុយ​ទៅ​វិញ​បេីសិន​ជា​មាន​បុគ្គល​ណា​មួយ​ដែលរពឹស​​ដៃ​ ស្តុក​នូវ​ឯកសារ​ ដើម្បី​ចង់​បាន​ប្រយោជន៍​ជា​ថវិកា​នោះ​ គឺ​ត្រូវ​អនុវត្ត​តាម​ផ្លូវ​ច្បាប់​តែម្ដង​ ប្រសិនជា​មានការអប់រំ​ណែនាំ​មួយ​លេីកជាពីរលេីកហេីយ​ ​តែ​​បុគ្គល​ខិលខូច​នៅតែមិន​ព្រម​ផ្លាស់​ប្រែនោះ​ ។
ឯកឧត្តមអភិបាលខេត្ត​ បាន​បញ្ជាក់​ថា​ ដោយសារ​ជួបប្រទះ​នឹង​បញ្ហា​ខ្វះខាត​មន្ត្រី​ បច្ចុប្បន្ន​រដ្ឋបាល​ថ្នាក់ជាតិ​បាន​ប្រតិភូកម្ម​មុខ​ងារ​មក​ឲ្យ​យើង​ នៅ​ចំពោះ​មុខ​គឺ​យើង​ត្រូវ​ធ្វើការ​​អប់រំ​ណែនាំ​​កែប្រែ​ចំពោះ​មន្ត្រី​ដែល​ប្រព្រឹត្ត​ខុសឆ្គង​​ ដើម្បី​ប្រេីប្រាស់​​បន្ត​ទៀត​ យេីង​មិន​មែនធ្វើ​ការ​របៀប​ប៉ះដៃ​យកដៃ​ ប៉ះជេីងយកជេីងនោះទេ​ ​​ប៉ុន្តែ​យើង​ក៏​មិន​ត្រូវ​ទុក​ឱកាស​ឲ្យ​មន្ត្រី​ខិលខូច​ ធ្វើ​ឲ្យ​ខូច​ដល់​ការ​ដឹកនាំ​របស់​ស្ថាប័ន​រដ្ឋ​ដែរ​ ។ ​

ក្នុង​កិច្ចប្រជុំនេះដែរ​ ឯកឧត្តម​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម​ បាន​លើក​យក​សេចក្តី​ព្រាង​របៀបវារៈ​សំខាន់​ៗ​ មក​ពិភាក្សា​ រួមមាន​៖​ ១- ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញអាណត្តិទី៣៣ របស់សាលាខេត្ត។
២ -ពិនិត្យពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ​ និងលើកទិសដៅការងារប្រចាំខែមីនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣​ -ពិនិត្យ និងអនុម័តលើសេចក្តីព្រាងស្តីពីការបិទបញ្ជីចំណូលចំណាយ និងការធ្វើរបាយការណ៍បូកសរុបការងារអនុវត្តចំណូល ចំណាយថវិការបស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១។
៤ -ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការក្របខណ្ឌឆ្នាំ២០២៣ របស់សាលាខេត្ត​។
៥ -ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការក្របខណ្ឌសម្រាប់ ឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត​កំពង់ចាម​ ៕