ក្រសួងសុខាភិបាល ប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន ៣០គ្រឿង ជូនដល់បណ្ដាមន្ទីរសុខាភិបាលរាជធានី-ខេត្ត

0

ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ បានប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន ៣០គ្រឿង ដែលជាអំណោយរបស់សប្បុរសជន តាមរយៈសម្តេចតេជោ ជូនដល់មន្ទីរសុខាភិបាលរាជធានី-ខេត្តមួយចំនួន ។

រថយន្ដដែលបានប្រគល់នេះ រួមមាន៖ មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ, មន្ទីរសុខាភិបាលខេត្តបាត់ដំបង, មន្ទីរសុខាភិបាលខេត្តកំពង់ចាម, មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ, មន្ទីរសុខាភិបាលខេត្តកំពង់ធំ, មន្ទីរសុខាភិបាលខេត្តកំពត, មន្ទីរសុខាភិបាលខេត្តកណ្តាល, មន្ទីរសុខាភិបាលខេត្តព្រៃវែង, មន្ទីរសុខាភិបាលខេត្តសៀមរាម, មន្ទីរសុខាភិបាលខេត្តតាកែវ, មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងឃ្លាំងឱសថកណ្តាលក្រសួងសុខាភិបាល។
ចំពោះរថយន្តដឹកវ៉ាក់សាំងដែលជាថវិកាសប្បុរសជនខ្មែរតាមរយៈសម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ជារថយន្តម៉ាក Ford ដែលមានការរៀបចំឡើងទៅតាមតម្រូវការរបស់វ៉ាក់សាំង មានកម្រិតត្រជាក់ក្នុងសីតុណ្ហភាព -24c និងមានលក្ខណៈពិសេសជាច្រើនទៀត។

សូមបញ្ជាក់ថានៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ខាងមុខនេះដែរ លោកជំទាវ ឱ វណ្ណឌីន ក៏នឹងអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់-ទទួលរថយន្តដឹកវ៉ាក់សាំងចំនួន ១០គ្រឿង ដែលជាអំណោយរបស់សប្បុរសជន តាមរយៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនដល់ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវផងដែរ៕