សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ការបំផ្លិចបំផ្លាញធនធានធម្មជាតិ ទាំងលើគោក និងក្នុងទឹក ពិសេសធនធាននៅបឹងទន្លេសាប

0

បាត់ដំបង៖ ថ្លែងក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង បានណែនាំឱ្យរដ្ឋបាលខេត្តបាត់ដំបង យកចិត្តទុកដាក់ទប់ស្កាត់ ការបំផ្លិចបំផ្លាញធនធានធម្មជាតិទាំងលើគោកនិងក្នុងទឹក ពិសេសធនធាននៅបឹងទន្លេសាប។

សម្ដេចក្រឡាហោម បានសង្កត់ធ្ងន់ថា បើធ្វើមិនបានល្អទេ នឹងទទួលការរិះគន់ពីអ្នកជំនាន់ក្រោយ ក្នុងក៏ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ការដឹកជញ្ជូនលើសទំងន់ បំផ្លាញផ្លូវថ្នល់ រៀបចំសណ្ដាប់ធ្នាប់ក្រុងឱ្យមានចញ្ចើមផ្លូវសម្រាប់ថ្មើជើង រៀបចំកែលម្អរសួនច្បារលើទ្រូងផ្លូវឱ្យបានស្អាតដើម្បីលើកកម្ពស់សោភណ្ឌភាព ហើយការងារនេះ ក៏ទាមទារការបំផុសចលនាចូលរួមពីប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវទើបទទួលបានជោគជ័យ។

សម្ដេច ស ខេង ក៏បានណែនាំរដ្ឋបាលខេត្ត និងអង្គសន្និបាតទាំងមូលបន្តយកចិត្តទុកដាក់លើរបៀបរបនៃការបំពេញការងារប្រចាំថ្ងៃ ទាំងការប្រជុំជាទៀងទាត់ ការចុះមូលដ្ឋានឱ្យបានជាប្រចាំដើម្បីភ្ជាប់ការងារតាមជំនាញរៀងៗខ្លួនទៅនឹងជីវភាពប្រជាពលរដ្ឋ ព្រមទាំងទប់ស្កាត់ឱ្យបាននូវអំពើអយុត្តិធម៌ក្នុងសង្គម។ សម្ដេច ក៏បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណថ្នាក់ដឹកនាំរដ្ឋបាលខេត្តបាត់ដំបង និងមន្រ្តីរាជការទាំងអស់ ដែលបានខិតខំរួមសាមគ្គីគ្នា សហការការជិតស្និតជាមួយក្រុមការងាររាជរដ្ឋាភិបាលក្នុងការប្រឹងប្រែងជួយអភិវឌ្ឍន៍ដល់ខេត្តបាត់ដំបងទាំងកាលពីឆ្នាំ២០១៩ និងឆ្នាំ២០២១។

សម្ដេចបានចាត់ទុកកិច្ចខិតខំប្រឹងប្រែងនេះថា ជាការរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ដោយសារខេត្តបាត់ដំបងក៏ជាខេត្តមួយមានក្ដានុពល ហើយបើទោះបីជាមិនសូវមានសម្បត្តិវប្បធម៌ច្រើន ធៀបនិងខេត្តមួយចំនួនទៀត ប៉ុន្តែបាត់ដំបងបានទទួលជ័យលាភីទីក្រុងបៃតង ដែលមានអត្ថប្រយោជន៍ជួយដល់សុខភាពប្រជាពលរដ្ឋ និងបរិស្ថាន៕