អាជ្ញាធរខេត្ដសៀមរាប ប្រកាសពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារ ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ និងដូសជម្រុញជូនកុមារអាយុ ៦ឆ្នាំ ទៅក្រោម ១២ឆ្នាំ

0

សមរាប៖ អាជ្ញាធរខេត្ដសៀមរាប បានប្រកាសពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ដូសទី១ ជូនដល់កុមារអាយុ ៣ឆ្នាំ ទៅក្រោម៥ឆ្នាំ និងដូសជម្រុញ ជូនកុមារអាយុ ៦ឆ្នាំ ទៅក្រោម ១២ឆ្នាំ ចាប់ពីថ្ងៃទី១១ ដលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ បានណែនាំដល់មាតាបិតាអាណាព្យាបាល ដែលមានកូនអាយុ ៣ឆ្នាំទៅ ៥ឆ្នាំ និងក្រុមអាយុ ៦ឆ្នាំទៅ ក្រោម១២ឆ្នាំ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ត្រូវនាំកូនទៅទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា។ សម្រាប់ទីតាំងនៃការចាក់មានចំនួន ២២ទីតាំង រួមមាន: សម្រាប់ក្រុងសៀមរាប នៅមន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាពមណ្ឌល០១ មណ្ឌលសុខភាពគោកចក មណ្ឌលសុខភាពជ្រាវ និងមណ្ឌលសុខភាពសៀមរាប។ នៅតាមស្រុករួមមាន ស្រុកប្រាសាទបាគង នៅមណ្ឌលសុខភាពប្រាសាទបាគង ស្រុកអង្គរធំ មណ្ឌលសុខភាព អង្គរធំ នៅស្រុកបន្ទាយស្រី មានមណ្ឌលសុខភាពបន្ទាយស្រី នៅស្រុកជីក្រែងមាន២ទីតាំង នៅមណ្ឌលសុខភាពកំពង់ក្ដី និងមណ្ឌលសុខភាពពង្រក្រោម នៅស្រុកស្វាយលើ មានមណ្ឌលសុខភាពស្វាយលើ នៅស្រុកសូទ្រនិគមមាន២ទីតាំង មានមន្ទីរពេទ្យបង្អែកសូទ្រនិគម និងមណ្ឌលសុខភាពពពេល នៅស្រុកពួកមន្ទីរពេទ្យបង្អែកពួក, មណ្ឌលសុខភាពសសរស្តម្ភ,និងមណ្ឌលសុខភាពរើល។នៅស្រុកអង្គរជុំ មាននៅមន្ទីរពេទ្យបង្អែកស្រុកអង្គរជុំ ស្រុកវ៉ារិន មណ្ឌលសុខភាព ស្រែណូយ។ ស្រុកក្រឡាញ់មាន ៣ទីតាំង គឺមន្ទីរពេទ្យបង្អែកក្រឡាញ់, មណ្ឌលសុខភាពស្រណាល និងមណ្ឌលសុខភាពសែនសុខ។ស្រុកស្រីស្នំ មាននៅមណ្ឌលសុខភាពស្រីស្នំ។

សម្រាប់យុទ្ធនាការនេះ ចាប់ផ្តើមពីម៉ោង ០៨ នឹង០០នាទីព្រឹកដល់ម៉ោង ១១ នឹង៣០នាទីថ្ងៃត្រង់ និងម៉ោង ១៤ នឹង០០នាទីរសៀល ម៉ោង ១៦ នឹង៣០នាទី។ ក្នុងនោះការចាក់គឺមានជារៀងរាល់ថ្ងៃ មិនថាថ្ងៃឈប់សម្រាក ថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យនោះឡើយ។

ជាមួយគ្នានោះ សម្រាប់អាណាព្យាបាលទាំងអស់ត្រូវយកកាតចាក់វ៉ាក់សាំងមកជាមួយជាចាំបាច់ ដើម្បីឱ្យក្រុមគ្រូពេទ្យងាយស្រួលក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណ និងធ្វើការចាក់ជូន សម្រាប់កុមារអាយុ ៦ឆ្នាំទៅក្រោម ១២ឆ្នាំ ដែលត្រូវចាក់ដូសជំរុញ។ ចំពោះកុមារអាយុ ៣ឆ្នាំ ទៅក្រោម ៥ឆ្នាំ ត្រូវយកមកជាមួយនូវ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសៀវភៅគ្រួសារឬ លិខិតឆ្លងដែន និងប័ណ្ណសគាល់ខ្លួនមន្ត្រីរាជការ ឬប័ណ្ណសំគាល់មន្ត្រីជាប់កិច្ចសន្យា របស់ឪពុកម្តាយ (ចំពោះកូនចៅមន្ត្រីរាជការ)។ ក្នុងនោះក៏សូមឲ្យបងប្អូនដែលនាំកូនមកទទួលវ៉ាក់សាំង ត្រូវតែបន្តអនុវត្តនូវវិធានសុខាភិបាលដដែល គឺ ៣ការពារ និង៣កុំផងដែរ៕