ខេត្តបាត់ដំបង: ជនរងគ្រោះម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីម៉ូតូនេះបានរេចង្កូតចូលទៅក្នុងគន្លងរថយន្តធំ ដែលកំពុងបើកបរក្នុងទិសដៅច្រាស់គ្នា។
តាមរបាយការរបស់សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នៅវេលាម៉ោង៣ និង ៤០នាទី រសៀល ត្រង់ចំណុចជិតស្ពានអូតាគ្រៃ ស្ថិតក្នុងភូមិភ្ចាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង លើផ្លូវជាតិលេខ៥៧ រវាងម៉ូតូនិងរថយន្តបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា។
របាយការណ៍របស់ អធិការនគរបាលស្រុករតនមណ្ឌល បានរាយការណ៍ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺដំបូងមានរថយន្តម៉ាក ហ៊ីយិនដាយ១គ្រឿង ពាក់ស្លាកលេខបន្ទាយមានជ័យ 3A-1042 បើកបរពីលិចមកកើត ពេលបើកបរមកដល់កន្លែងកើតហេតុខាងលើ ស្រាប់តែមានម៉ូតូ០១គ្រឿង ម៉ាកហុងដាឃ្លីក ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1W-3350 បើកបរពីកើតមកលិច អ្នកបើកបរឈ្មោះ ហុង ចាន់រិទ្ធ ភេទប្រុស អាយុ ៣៨ឆ្នាំ ធ្វើការនៅភូមិភាគទី៥ប្រចាំទិសប៉ៃលិន បានបើកចូលផ្លូវរថយន្តទៅ បុករថយន្តចំពីមុខពេញផ្នែកខាងឆ្វេង បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ ។
ភ្លាមៗនោះសមត្ថកិវ្ចបានចុះទៅដែរតែអ្នកបើកបររថយន្តបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅហើយ បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យហើយ ចំណែកមធ្យោបាយទាំងពីរក៏បានប្រគល់ទៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តជាអ្នកអនុវត្តតាមផ្លូវច្បាប់ ៕ អត្ថបទ : ព្រាប.ស





































