អភិបាលរងខេត្តសៀមរាបថ្មីចំនួន២រូបត្រូវបានប្រកាសតែងតាំងជាផ្លូវការ នៅថ្ងៃនេះ

0

សៀមរាប: អភិបាលរងខេត្តសៀមរាបថ្មីចំនួន២រូប ត្រូវបានប្រកាសតែងតាំងជាផ្លូវការ នៅព្រឹកថ្ងៃទី១១ខែមីនាឆ្នាំ២០២២នេះ ក្នុងនោះមាន លោក ប្រាក់ សោភ័ណ ត្រូវបានតែងតាំងជាអភិបាលរងខេត្តសៀមរាប ជំនួសលោក ង៉ាន់ ភិរុណ ដែលត្រូវបានផ្ទេរភារកិច្ចទៅកាន់មុខតំណែងជា អគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ លោក អ៊ឹង គឹមលាង អតីតអភិបាលរងខេត្តពោធិ៍សាត់ មកជាអភិបាលរងខេត្តសៀមរាបជំនួសលោក ពៅ ពិសិដ្ឋ ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តពោធិ៍សាត់វិញ។
ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ជំរុញឱ្យអភិបាលរងទាំង២រូបដែលទើបទទួលតំណែងថ្មីនៅពេលនេះ ត្រូវរួមគ្នាជាមួយលោកអភិបាលខេត្ត និងស្ថាប័នពាក់ព័ន្ធទាំងអស់ធ្វើការអភិឌ្ឍខេត្តឱ្យកាន់តែមានការរីកច្រើន និងបម្រើប្រជាពលរដ្ឋឱ្យមានតម្លាភាព។ ក្នុងនោះ ត្រូវរួមគ្នាកសាង ពង្រឹង សមត្ថភាព រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស ភូមិ ឃុំ សង្កាត់ ឱ្យមានភាពធុន ទៅនិងវិបាត់ ទៅនិងការប្រែប្រួល នៃព្រឹត្តិការណ៍នានា ជាក់ស្តែងដូចជាយើងកំពុងជួបប្រទះនៅពេលនេះ គឺការឆ្លងរាលដាលនៃមេរោគកូវិដ១៩។ ហើយកន្លងមកនេះ យើងបានឆ្លងកាត់វិធានការនានា ពាក់ព័ន្ធនិងជំងឺកូវិដ១៩។ ជាពិសោធន៍ ត្រូវបានគេរកឃើញថា រដ្ឋបាលមូលដ្ឋាន ជារដ្ឋបាលជួរមុខ ជារដ្ឋបាលឆ្លើយតបបានភ្លាមៗទៅនិងវិបត្តិទៅនិងការប្រែប្រួលទៅនិងជំងឺឆ្លងរាតត្បាតផ្សេងៗ។
ឯកឧត្តមបានពន្យលថា ពាក់ព័ន្ធបញ្ហាកូវិដ១៩ ពេលបិទខ្ទប់ ពុំមានមន្រ្តីថ្នាក់ជាតិណាអាចមកជួយយើងបានតេ គឺមានតែរដ្ឋបាលមូដ្ឋានប៉ុនណ្ណោះជាអ្នកឆ្លើយតប ជាអ្នកអនុវត្តវិធានការនានា។ ពេលមានគ្រោះធម្មជាតិនានា អ្នកដែលដោះស្រាយ និងជួយសង្គ្រោះមុនគេ គឺរដ្ឋបាលមូលដ្ឋាន ដូចនេះហើយបានជាយើងត្រូវកសាងរដ្ឋបាលមូលដ្ឋាន ក្នុងស្ថានភាពពិភពលោកថ្មីនេះឱ្យមានភាពធុនទៅនិងវិបត្តិផ្សេងៗនេះ ដើម្បីកំណត់ពីផលប៉ះពាល់សេដ្ឋកិច្ចមកលើប្រជាពលរដ្ឋរបស់យើង។ ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានកំពុងតែយកចិត្តទុកដាក់លើការងារកសាងរដ្ឋបាលមូលដ្ឋាននេះណាស់។
ឯកឧត្តម ទៀ សីហា អភិបាលរដ្ឋខេត្តសៀមរាប បានមានប្រសាសន៍ថា បើទោះជាស្ថិតក្នុងដំណាក់កាល នៃផលប៉ះពាល់ ដោយសារជំងឺកូវីដ ធ្ងន់ធ្ងរក៏ដោយ ក៏រដ្ឋបាលខេត្ត ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការកែលម្អសោភ័ណភាពក្រុងឱ្យបានកាន់តែល្អប្រសើរថែមទៀត។ ជាក់ស្តែងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ៣៨ខ្សែ ប្រព័ន្ធលូ ភ្លើងបំភ្លឺសាធារណៈ និងកែលម្អស្ទឹងសៀមរាប ក្នុងក្រុងសៀមរាបគឺជាសមិទ្ធផលប្រវត្តិសាស្រ្តថ្មីមួយមិនអាចកាត់ថ្លៃបានរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ខេត្តសៀមរាប ដែលមកដល់ពេលនេះយើងបានសម្រេច នៃការសាងសង់ផ្លូវបាន១០០% គឺនៅសេសសល់បន្តិចបន្តួច លើការងារបំពាក់ប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ និងការងារផ្សេងទៀត ហើយគ្រោងនឹងធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕