ដោយ៖ឡុង សំបូរ
ខេត្តស្ទឹងត្រែង៖ ផ្ទៃដីបម្រុងទុករបស់រដ្ឋមានទំហំជិត ២ពាន់ហិចតា ក្នុងខេត្តស្ទឹងត្រែងនឹងត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ យកមកធ្វើជាមជ្ឃ
មណ្ឌលពិសោធន៍ ស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកទេស ដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្ម នាពេលខាងមុខនេះ។
ដើម្បីអភិវឌ្ឍដីព្រៃបម្រុងទុករបស់រដ្ឋមួយកន្លែងនេះ ឲ្យក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្ម ទៅតាមផែនការនោះ នៅថ្ងៃទី១០មីនាម្សិលមិញ អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក ជា ថាវរិទ្ធ បានដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងមន្ត្រីជំនាញខេត្ត ស្រុក ចុះទៅពិនិត្យ និងរៀបចំសម្អាតទីតាំងផ្ទៃដីនេះ នៅក្នុង ភូមិបានប៊ុង ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។
អភិបាលរងខេត្តស្ទឹងត្រែង លោក ជា ថាវរិទ្ធ បានថ្លែងថា ទីតាំងដីសម្រាប់អភិវឌ្ឍវិស័យកសិកម្មនេះ មានទំហំជិត ២ពាន់ហិកតា ដែល រាជរដ្ឋាភិបាល បានកំណត់ និងផ្តល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ លោកបន្តថា ការផ្តល់ដីជូនពីរាជរដ្ឋាភិបាល គឺសម្រាប់បង្កើតជាមជ្ឃមណ្ឌលពិសោធន៍ ស្រាវជ្រាវ និងអភិវឌ្ឍវិស័យកសិកម្មដ៏ធំមួយ នៅតំបន់ភូមិភាគឦសាន នៃប្រទេសកម្ពុជា។ ដូចន្នេះ សូមឱ្យក្រុមការងារចម្រុះថ្នាក់ជាតិ និងថ្នាក់ខេត្ត បន្តរួមគ្នាអនុវត្តរហូតដល់សម្រេចបានតាមផែនការ ដែលបានគ្រោងទុក។
អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទ លោក សាម៉េង កែវមុនីន បានបញ្ជាក់ថា នៅពេលរៀបចំរួចរាល់ហើយ មជ្ឃមណ្ឌលពិសោធន៍ ស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកទេស ដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មនេះ មន្ត្រីជំនាញនឹងធ្វើការស្រាវជ្រាវ បណ្តុះពូជដំណាំផ្នែកឧស្សាហកម្ម ដើម្បីផ្តល់ផលប្រយោជន៍ជូនប្រជាជន ដែលរស់នៅក្នុងតំបន់ភូមិភាគឦសាន ក៏ដូចជានៅតាមតំបន់ខ្ពង់រាប ផងដែរ។
លោក សាម៉េង កែវមុនីន បានបញ្ជាក់ទៀតថា ដំណាំឧស្សាហកម្មទាំងនេះ មានដូចជាស្វាយចន្ទី កៅស៊ូ ម្នាស់ ពោត សណ្ដែក ល្ង ដំឡូងមី ម្រេច ស្វាយ (ស្វាយកែវរមៀត) និងធុរេនជាដើម ដែលជាដំណាំសមស្របសម្រាប់ដាំដុះនៅក្នុងតំបន់នេះ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានថ្លែង ចាត់ទុកការបង្កើតមជ្ឃមណ្ឌលពិសោធន៍ ស្រាវជ្រាវកសិកម្មមួយនេះ គឺបានផ្តល់នូវភាពរីកចម្រើន ទៅដល់ដំណាំឧស្សាហកម្ម សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ភូមិភាគឦសាន្ត នាំយកពូជទៅដាំដុះបន្ត ដើម្បីទ្រទ្រង់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
លោក ទុំ នីរ៉ូ បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីឱ្យកិច្ចអភិវឌ្ឃន៍វិស័យកសិកម្មផ្នែកនេះ ដំណើរការទៅបានល្អប្រសើរ សូមឱ្យបងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធទៅនឹងការខ្ចីដីរដ្ឋ ធ្វើការងារបង្កបង្កើផលនៅទីនេះ ត្រូវប្រគល់ដីជូនមករដ្ឋវិញ ក្រោយពេលប្រមូលផលរួចរាល់ហើយ។
អភិបាលស្រុកសេសាន លោក សុវណ្ណ ពិសេដ្ឋ បានបញ្ជាក់ថា មន្ត្រីជំនាញថ្នាក់ខេត្តនិងអាជ្ញាធរនៅថ្នាក់មូលដ្ឋាន បានបើកប្រតិបត្តិការដោះស្រាយ និងចុះស្រង់ស្ថិតិប្រជាជនដែលពាក់ព័ន្ធ ធ្វើដំណាំកសិកម្ម និងមានធ្វើខ្ទមចាំចម្ការនៅលើដីនេះ តម្រូវឱ្យពួកគាត់ចាកចេញ ទៅតាមកិច្ចសន្យា ដែលបានធ្វើរួចហើយ នាពេលកន្លងមក។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកដាក់ និងបានផ្តល់អាទិភាពខ្ពស់លើវិស័យកសិកម្ម នៅទូទាំងប្រទេស ជាពិសេស ខេត្តស្ទឹងត្រែង នៅរយៈកាលកន្លងមក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្កើតស្ថានីយ៍ស្រាវជ្រាវ និងផលិតកូនត្រីពូជ រួចមកហើយ នៅខេត្តភូមិភាគឦសាន្តនេះ។ ហើយក្នុងគ្រាបច្ចុប្បន្ន ក៏បាននិងកំពុងដំណើរការបង្កើតមជ្ឃមណ្ឌលពិសោធន៍ ស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកទេស ដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្ម មួយបន្ថែមទៀត ដែលគ្រោងនឹងដំណើរការសាងសង់ នៅក្នុងឆ្នាំ២០២២នេះ៕





































