ឯកឧត្តម លី ធុជ មន្ត្រីបក្សត្រូវធ្វើអំពើល្អដើម្បីអោយមហាជនគាំទ្រគឺជាអាយុជីវិតរបស់គណបក្សប្រជាជនកម្ពុជា

ខេត្តស្វាយរៀង៖ការគាំទ្រពីមហាជន គឺជាអាយុជីវិតរបស់គណបក្សយើង ហើយក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវរក្សាឲ្យបាននូវភាពជឿទុកចិត្ត ស្គាល់ខ្លួនឯង ស្គាល់ក្រុមការងារខ្លួនឯង ស្គាល់សត្រូវរបស់ខ្លួនឯង ស្គាល់បេះដូងពលរដ្ឋ និងត្រូវមានផែនការជាប្រចាំ ដើម្បីចូលរួមការពារនិងអភិវឌ្ឍន៏មូលដ្ឋាន។ នេះជាលើកឡើងរបស់ ឯកឧត្តម លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត ក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់បាវិត សង្កាត់ព្រៃអង្គុញ សាខាបក្សភូមិ និងអនុសាខាបក្សភូមិនៅរសៀលថ្ងៃទី១២ និងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ដើម្បីធ្វើការវាយតម្លៃស្ថានការណ៍ និងដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានសង្កាត់ទាំង២ ដើម្បីឈានទៅច្បាមយកភាពជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ជូនគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម លី ធុជ បានមានប្រសាសន៍ថា “ការងារចម្បងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច ត្រូវធ្វើការឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ដោយមិនត្រូវទុកចោលនូវបញ្ហាតូចៗ ឲ្យកាន់តែរីកធំឡើងៗដោយមិនបានយកចិត្តទុកដាក់ឡើយ។ យើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់លើអនាគត និងជោគវាសនារបស់ភូមិយើង និងមូលដ្ឋានយើង ហើយការគាំទ្រពីមហាជន គឺជាអាយុជីវិតរបស់គណបក្សយើង។ យើងត្រូវមានភាពស្មោះត្រង់ចំពោះគ្នា ពីព្រោះឥឡូវនេះ យើងកំពុងជិះនៅលើទូកតែមួយ និងមានបេសកកម្មរួមគ្នា ដើម្បីសម្រេចគោលដៅក្នុងការដណ្តើមជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា និងសម្រាប់ប្រទេសជាតិ និងប្រជាជនយើងទាំងមូល។ឯកឧត្តមបានបញ្ជាក់បន្ថែមថា ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវរក្សាអោយបាននូវភាពជឿទុកចិត្ត ស្គាល់ខ្លួនឯង ស្គាល់ក្រុមការងារខ្លួនឯង ស្គាល់សត្រូវខ្លួនឯង ស្គាល់បេះដូងពលរដ្ឋ និងត្រូវមានផែនការជាប្រចាំដើម្បីចូលរួមថែរក្សាការពារនិងអភិវឌ្ឃន៏មូលដ្ឋាន តាមរយះចុះផ្ទាល់និងជួបពលរដ្ឋ ក្រុមបក្ស និងគ្រួសារបក្សទាំងអស់ក្នុងមូលដ្ឋាន ដើម្បីស្វែងរកសេវាតម្រូវការរបស់ពលរដ្ឋនាបច្ចុប្បន្នផងដែរ៕គឹមសេង