រាជរដ្ឋាភិបាលកម្ពុជាផ្តល់រថយន្តដឹកវ៉ាក់សាំង ១០គ្រឿងជូនរដ្ឋាភិបាលនិងប្រជាជនឡាវនៅច្រកទ្វារអន្តរជាតិក្នុងខេត្តស្ទឹងត្រែងនិងខេត្តចម្ប៉ាសាក់

ខេត្តស្ទឹងត្រែង៖ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានផ្តល់រថយន្តដឹកវ៉ាក់សាំង ១០គ្រឿង បន្ថែមទៀត ដែលជាអំណោយសប្បុរសធម៌លើកទី៤ ជូនរដ្ឋាភិបាល និងប្រជាជន នៃសាធារណៈរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ កាលពីថ្ងៃទី១២មីនា២០២២ នៅច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀលកម្ពុជា-ណងណុកខៀនឡាវ ។
ពិធីប្រគល់រថយន្តនោះ គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក៏មានការចូលរួមពីអាជ្ញាធរខេត្តស្ទឹងត្រែង ផងដែរ។
ដោយឡែក គណៈប្រតិភូ នៃសាធារណៈរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ ដឹកនាំដោយលោកសាស្រ្តាចារ្យ បណ្ឌិត ប៊ុន ហ្វែងភូមិម៉ាឡៃស៊ីត រដ្ឋមន្រ្តីក្រសួងសុខាភិបាលឡាវ និងក៏មានការចូលរួមពីអាជ្ញាធរខេត្តចាំប៉ាសាក់ ឡាវ ផងទៀត។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ថា កម្ពុជា និងឡាវ មានចំណងមិត្តភាពជាប្រពៃណី ជាបងប្អូនដ៏យូរអង្វែងមកហើយ និងក៏មានកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីនាំមកនូវសន្តិភាព មិត្តភាព សន្តិសុខ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងផលប្រយោជន៍ដល់ប្រជាជាតិទាំងពីរ ក៏ដូចជានៅក្នុងតំបន់។
លោកស្រីរដ្ឋលេខាធិការ បានមានប្រសាសន៍ទៀតថា ឆ្នាំកន្លងទៅនេះ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ធ្លាប់បានផ្តល់ជំនួយសប្បុរសធ៌មជូន រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋ ប្រធិបតេយ្យ ប្រជាមានិតឡាវ ៣លើករួចមកហើយ និងការផ្ដល់ជំនួយនៅលើកនេះទៀត គឺជាលើកទី៤ នូវរថយន្តដឹកវ៉ាក់សាំង ១០គ្រឿងរបស់ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនឡាវ នាពេលនេះ គឺជាការបង្ហាញ នូវការគិតគូរអំពីសុខទុក្ខ ប្រកបដោយមនោសញ្ចេតនាជាបងប្អូន ដែលរស់នៅជាប់ភូមិផងរបងជាមួយ និងសាមគ្គីភាពយ៉ាងជ្រាលជ្រៅរបស់ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះរដ្ឋាភិបាល និងប្រជាជនឡាវ នៅក្នុងកាលៈទេសៈ ដែលពិភពលោកទាំងមូល កំពុងជួបនឹងវិបត្តិជំងឺកូវីដ-១៩ ដែលមិនធ្លាប់មានពីមុនមក ព្រមទាំងបានបង្ហាញ នូវការយកចិត្តទុកដាក់ខ្ពស់បំផុត របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះសុខភាព និងសុខុមាលភាពរបស់ប្រជាជនឡាវ ដែលរស់នៅជាប់ព្រំដែនរួមគ្នា។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានសម្ដែង នូវក្តីសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងល្អប្រសើរ ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ រវាង ប្រទេសទាំងពីរកម្ពុជា-ឡាវ នឹងកាន់តែ រីកចម្រើន រឹងមាំ នាំមកនូវសុខដុម និងវឌ្ឍនភាព សេដ្ឋកិច្ចសង្គមជានិរន្តរ៍ ដល់ប្រជាជាតិយើង ទាំងពីរ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍនៅក្នុងតំបន់ ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលឡាវ លោកសាស្រ្តាចារ្យ បណ្ឌិត ប៊ុន ហ្វែងភូមិម៉ាឡៃស៊ីត បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋាភិបាល និងប្រជាជនឡាវ សូមថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់ជំនួយដ៏មានតម្លៃនេះ។ លោកបន្តថា ទោះបីជា ប្រទេសកម្ពុជា ទទួលរងនូវការរីករាលដាលជំងឺកូវីដ-១៩ ដូចគ្នា តែ រាជរដ្ឋាភិបាលកម្ពុជា បាន បែងចែកជំនួយដ៏មានតម្លៃមកដល់ រដ្ឋាភិបាល និងប្រជាជនឡាវ ដែលជំនួយនេះ បានបង្ហាញ អំពីទំនាក់ទំនង សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។
លោករដ្ឋមន្ត្រីឡាវ បានថ្លែង ចាត់ទុកជំនួយទាំងនេះ ជាផ្នែកមួយដ៏សំខាន់នៅក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដែលប្រទេសឡាវ កំពុងតែប្រឈមមុខនាពេលបច្ចុប្បន្ន ហើយ ជាពិសេស នឹងចូលរួមឱ្យការត្រឡប់មកវិញ នូវការរស់នៅជាធម្មតា ប្រក្រតីភាពឡើងវិញ ក៏ដូចជាការស្ដារសេដ្ឋកិច្ចឡើងវិញផងដែរ។
គួរបញ្ជាក់ថា កាលពីចុងខែធ្នូឆ្នាំ២០២១កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយរថយន្តដឹកវ៉ាក់សាំង ៣គ្រឿង ជូនរដ្ឋាភិបាល និងប្រជាជនឡាវរួចមកហើយ និងជំនួយលើកនេះ គឺជាលើកទី៤ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌ ដល់រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ ៕ដោយ៖ឡុង សំបូរ