គំនុំចាស់ បុរស ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពកាប់បុរស ២នាក់ទៀរងរបួសធ្ងន់

0

សៀមរាប៖ បុរស ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅរសៀលថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២២ បន្ទាប់ពីបានធ្វើសកម្មភាពយកកាំបិតខ្វែវកាប់ទៅលើបុរស ២នាក់ទៀត បណ្ដាលឲ្យរងរបួសធ្ងន់ នៅចំណុចជប់ស្មាច់ ភូមិត្រាវបាក់ ឃុំតាយែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ទី១-ឈ្មោះ វុទ្ធី សំណាង ហៅចំបើង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិបិតមាស ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប និងទី២- ឈ្មោះ ព្រំ បាយន្ត័ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ដឹកអូសលក់ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ចំណែកជនរងគ្រោះ ទាំង ០២នាក់ ទី១-ឈ្មោះ វ៉ាត់ វៀត ភេទប្រុស អាយុ១៨ឆ្នាំ និងទី២-ឈ្មោះ វ៉ាត់ នាថ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិទ័ពជ័យ ឃុំបឹងមេលា ស្រុកស្វាយលើ ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មូលហេតុដែលបណ្ដាលឲ្យមានករណីនេះ គឺនៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២០ និង០០នាទី ក្រុមខ្លួនមានគ្នាចំនួន ០៦នាក់ ជិះម៉ូតូចំនួន ០៤គ្រឿង ចេញពីភូមិឃុំខាងលើ ឆ្ពោះទៅលេងលោតប៉ុង និងគប់ប៉េងប៉ោង នៅសាលាបឋមសិក្សាជប់ស្មាច់។ រហូតដល់ម៉ោង ២១ និង០០នាទី ទើបនាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះវិញ។ ក្នុងពេលធ្វើដំណើរតាមផ្លូវដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ ០១គ្រឿងជិះគ្នា ០២នាក់ មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅបញ្ច្រាសគ្នា រួចបត់តាមម៉ូតូក្រុមខ្លួនពីខាងក្រោយ ហើយបានធ្វើសកម្មភាពកាប់មកលើក្រុមខ្លួនបណ្ដាលអោយដួលម៉ូតូ និងរងរបួសធ្ងន់ ០២នាក់ រួចភ្លាមក្រុមជនសង្ស័យនោះបានជិះម៉ូតូគេចខ្លួនបាត់ទៅ។

លុះទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ សមត្ថកិច្ចបានបើកការស្រាវជ្រាវ រហូតកំណត់មុខសញ្ញា និងធ្វើការនាំខ្លួនអ្នកពាក់ព័ន្ធចំនួន ២នាក់យកមកសួរនាំ នៅអធិការដ្ឋានស្រុកសូទ្រនិគម នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ២នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានសហការកាប់ជនរងគ្រោះទាំង ០២នាក់ ខាងលើពិតប្រាកដមែន។ មូលហេតុដោយសារ ជនរងគ្រោះធ្លាប់ដេញវាយមកលើខ្លួនកាលពីឆ្នាំមុន៕