ព្រៃវែង: សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និង
បាត់ដំបង និងឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំយុវជនខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា បើទោះបីជាមានការខកខានរៀបចំពិធីជួបជុំគ្នាដូចថ្ងៃនេះមួយរយៈធំ ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ប៉ុន្តែសម្ដេចមានក្ដីរីករាយបន្ទាប់ពីសង្កេតឃើញថា ក្រុមការងារយុវជនទាំង៣ខេត្ត ដោយមានការគាំទ្រពីថ្នាក់ដឹកនាំ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានខិតខំធ្វើសកម្មភាពជាច្រើន ដើម្បីរួមចំណែកបំរើជាតិ និងប្រជាជន ពិសេសនៅក្នុងស្ថានភាពដែលមានការប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩នេះ។
សម្ដេចក្រឡាហោមក្រឡាហោម ក៏បានមានប្រសាន៍អំពីការដាក់ចេញវិធានការណ៍ប្រកបដោយប្រសិទ្ធភាព ក្នុងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ពិសេសជោគជ័យនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលបង្កើតបានភាពសាំសហគមន៍ ធ្វើឱ្យប្រទេសកម្ពុជា អាចឈានដល់ការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញទៅតាមគន្លងប្រក្តីភាពថ្មី និងធ្វើឱ្យមានការកោតសរសើរព្រមទាំងវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ។
សម្ដេច ក៏ផ្ដល់ទស្សនទានទៅកាន់អង្គពិធី ពិសេសក្រុមការងារយុវជនទាំង ៣ខេត្ត អំពីសភាពការណ៍ជាតិ និងអន្តរជាតិ។ ពាក់ព័ន្ធនឹងកិច្ចការប្រទេសជាតិ សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់អំពីដំណើរការបោះឆ្នោតនៅកម្ពុជា ដំណើរការកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជាតាមយន្តការវិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ពិសេសការផ្ទេរមុខងារ ធានធាន សិទ្ធិអំណាច និងការទទួលខុសត្រូវពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ៕




































