ខេត្តកំពត ៖ បុរសម្នាក់បានរងរបួសចំនួនពីរពូថៅយ៉ាងធ្ងន់ ខណៈពេលដែលផឹកស៊ីទាស់សម្ដីគ្នារួចមកហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិអរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។ មន្ត្រីកងរាជអាវុធហត្ថក្រុងកំពតបានប្រាប់ឲ្យដឹងថាជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះពូច សារឿន ភេទប្រុស អាយុ៥៩ឆ្នាំ មានស្រុកកំណើតភូមិខ្នាចខាងជើង ឃុំក្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត រស់នៅចាំចំការអោយឈ្មោះពៅ សំអាត ហៅ(សែម)។
ចំណែកជនរងគ្រោះមានឈ្មោះឈិន ចំរើន អាយុ៣៥ឆ្នាំ ជាកម្មករចាំចំការអោយឈ្មោះអ៊ឹង លីសៀង នៅភូមិអូរតូច អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត ត្រូវបានជនដៃដល់កាប់ត្រូវនឹងពូថៅបណ្ដាលឲ្យរងរបួស ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត។ មន្ត្រីកងរាជអាវុធហត្ថក្រុងកំពតបានប្រាប់បញ្ជាក់អោយដឹងថា បន្ទាប់ពីបានឃាត់ខ្លួនជនសង្ស័យនាំមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថក្រុងបានសួននាំរួចបញ្ជូនជនសង្ស័យនេះនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត ដើម្បីចាត់ការបន្តសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការចាត់ការតាមច្បាប់៕ស៊ុនលី