មន្ទីរកិច្ចការនារីខេត្តកែប រៀចចំពិធីអបអរសាទរខួបលើកទី១១១​ ទិវាអន្តរជាតិនារី ៨មីនា​ ឆ្នាំ២០២២

0

ខេត្តកែប៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ មន្ទីរ​កិច្ចការនារីខេត្តកែប​ បានរៀបចំពិធី អបអរសាទរ ខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ “សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត” នៅសាលប្រជុំសាលាខេត្តកែប ក្រោមអធិបតីភាព លោក សំ សារីន ប្រធានក្រុមប្រឹក្សា លោកបណ្ឌិត សោម ពីសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា និងមានការអញ្ជើញចូលរួមពីសំណាក់ តំណាងសាលាដំបូងខេត្តកែប​ ព្រះរាជអាជ្ញា​ អមសាលាដំបូងខេត្ត​ លោក លោកស្រី សមាជិក​ សមាជិកា​ ក្រុមប្រឹក្សាខេត្ត​ អភិបាលរងខេត្ត​ លោកឧត្ដមសេនីយ៍​ វរសេនីយ៍​ ​តំណាងកងកំលាំងទាំងបី​ ប្រធានមន្ទីរ​ អនុប្រធានមន្ទីរ​អង្គភាព​ជុំវិញខេត្ត​ និង​មន្ត្រី​រាជការ​ជានារី​គ្រប់មន្ទីរអង្គភាពផងដែរ។

បើតាមរបាយការណ៍របស់លោកស្រី អ៊ូ សុគន្ធី ប្រធានមន្ទីរកិច្ចការនារីខេត្តកែប​ បានអោយដឹងថាក្នុងឆ្នាំ២០២១ ដើម្បីឆ្លើយតប នឹងវិស័យយុទ្ធសាស្រ្តកិច្ចការពារផ្លូវច្បាប់លើស្រ្តី និងកុមារ មន្ទីរកិច្ចការនារីបានអនុវត្តភារកិច្ចរបស់ខ្លួនចូលរួមចំណែកធ្វើអោយស្រ្តី និងកុមារ ទទួលបានកិច្ចការពារតាមផ្លូវច្បាប់ដោយស្មើភាព និងធ្វើការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការជួញដូរ​ ការរំលោភបំពានលើស្រ្តី និងកុមារ។ ក្នុងនោះបានបើកវគ្គបណ្តុះបណ្តាល ស្តីពីការទប់ស្កាត់ការរំលោភបំពានបានចំនួន ០៣លើក មានអ្នកចូលរួម ១០៥នាក់ ស្រី៩០ នាក់ ចុះស្រង់ទិន្នន័យអំពើហិង្សាក្នុងគ្រួសារចំនួន ០៣លើក ការទប់ស្កាត់រំលោភសេពសន្ថវៈ មាន ០៤ករណី ធៀបនឹងឆ្នាំ២០២០ មានការកើនឡើង០២ករណី។

បន្ទាប់ពីលោកស្រី អ៊ុល ភីរុណ អភិបាលរងខេត្ត បានអានព្រះរាជសារសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ​ និងសុភមង្គល ក្នុងឳកាសអបអរសាទរខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ រួចមក ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប អានសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឳកាសអបអរសាទរខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ “សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត”ដែលមានខ្លឹមសារអំពាវនាវ អោយមន្ទីរអង្គភាពតាមបណ្តាខេត្ត បន្តពង្រឹងសមភាពយេនឌ័រជាកិច្ចការអាទិភាព និងកាន់តែចាំបាច់ដើម្បីអោយស្រ្តី និងក្មេងស្រីគ្រប់រូបកាន់តែទទួលបាននូវកាលានុវត្តនភាពពេញលេញ និងប្រកបដោយសមភាពនៅក្នុងគ្រប់ទិដ្ឋភាព ទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ដែលជាវិធានអាទិភាពដើម្បីសម្រេចតាមចក្ខុវិស័យដែលរាជរដ្ឋាភិបាលបានដាក់ចេញដូចខាងក្រោម៖
១-នៅក្នុងការកសាងសំណាញ់សុវត្ថិភាពសង្គមនិងមូលដ្ឋានសង្គម សេដ្ឋកិច្ច ដែលរឹងមាំនាពេលអនាគត ។
២- ជំរុញការអនុវត្តវិធានការគោលនយោបាយគាំទ្រដល់សហគ្រិន និងអាជីវករជាស្រ្តី និងយុវជន ជាពិសេសនៅក្នុងការស្ដារអាជិវកម្មនិងមុខរបរពីវិបត្តិកូវីដ-១៩​ អភិឌ្ឍន៍ភាពធន់ដើម្បីវិវត្តន៍ខ្លួនទៅក្នុងយុគសម័យឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សហកម្មទី៤។
៣-ដោះស្រាយគម្លាតយេនឌ័រ ក្នុងវិស័យឌីជីថល ពិសេសបង្កើនការចូលរួម របស់ស្រី្តនិងក្មេងស្រី នៅក្នុងវិស័យឌីជីថល។
៤-លើកកំពស់តួនាទីស្រ្តី នៅក្នុងសកម្មភាពសេដ្ឋកិច្ចបៃតង កសិឧស្សាហកម្មបៃតង និងអេកូទេសចរណ៍ ដើម្បីចូលរួមលើកកំពស់សេដ្ឋកិច្ចគ្រួសារ។
៥-លើកកំពស់ការទទួលស្គាល់តម្លៃការងារ ក្នុងផ្ទះ និងថែទាំសមាជិកគ្រួសារ និងកំណត់មធ្យោបាយ ដើម្បីកាត់បន្ថយបន្ទុកលើការងាររបស់ស្រ្តី និងក្មេងស្រី។
និងទី៦-បន្តលើកកំពស់សីលធម៌សង្គម តម្លៃស្រ្តី និងសុខដុមរមនានៅក្នុងគ្រួសារ តាមរយៈការជម្រុញ ការអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហឹង្សាលើស្ត្រីនិងកុមារ។

ក្នុងនោះដែរ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏បានក្រើនរំលឹកដល់បងប្អូនមន្ត្រីរាជការជានារី ត្រូវ ខិតខំប្រឹងប្រែង បង្កើនសមត្ថភាពផ្ទាល់ខ្លួន ដើម្បីបន្តវេនក្លាយជាថ្នាក់ដឹកនាំស្ថាប័ន ប្រកបដោយ គុណភាព ប្រសិទ្ធភាព សាកសមនិងពាក្យស្ត្រីជាឆ្លឹងខ្នង ក្នុងការអភិវឌ្ឍប្រទេសជាតិយើង៕ សេង ណារិទ្ធ