សៀមរាប: មន្ត្រីប៉ូលីសនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឱ្យដឹងថាស្នងការនគរបាលបានបំពាក់ឧបករណ៍ពន្លត់អគ្គីភ័យ
ដល់ក្រុមម៉ូតូចល័តនៃកម្លាំងប៉ូលីសចរាចរណ៍ បន្ថែមពីលើកម្លាំងនគរបាលពន្លត់អគ្គីភ័យដែលមានស្រាប់បន្ថែមទៀត ដើម្បីឱ្យសកម្មភាពជួយសង្គ្រោះបន្ទាន់ក្នុងការពន្លត់អគ្គីភ័យតូចតាច អាចជួយអន្តរាគមន៍ ឆាប់រហ័សនៅមុនពេលក្រុមពន្លត់អគ្គីភ័យជាទ្រង់ទ្រាយធំទៅដល់។
លោកវរសេនីយ៍ឯក ជិម សុវណ្ណ ស្នងការរងទទួលបន្ទុកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានប្រសាសន៍កាលពីព្រឹកថ្ងៃទី១៥ខែមីនាឆ្នាំ២០២២ថាថ្មីៗនេះ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសម្រេចបំពាក់បំពង់ពន្លត់អគ្គីភ័យនៅតាមម៉ូតូចល័តសម្រាប់នគរបាលចរាចរណ៍ផ្លូវគោកចំនួន៧ម៉ូតូ ដោយក្នុង១ម៉ូតូ អាចបំពាក់បំពង់ពន្លត់អគ្គីភ័យបានចំនួន២បំពង់ ឱ្យប្រចាំការនៅតាមគោលដៅនានាក្នុងក្រុងសៀមរាប។ លោកមានប្រសាសន៍បញ្ជាក់ថាការបំពាក់បំពង់ពន្លត់អគ្គីភ័យនៅតាមម៉ូតូចល័តរបស់ក្រុមនគរបាលចរាចរណ៍ផ្លូវគោក បែបនេះ ដើម្បីជួយសង្គ្រោះបឋមនៅពេលដែលមានអគ្គីភ័យកើតឡើង ជាពិសេសករណីគ្រោះថ្នាក់ចរាចរណ៍ ដូចជារថយន្តបុកគ្នាបណ្តាលឱ្យកើតជាអគ្គីភ័យ ជាដើមគឺមន្រ្តីនគរបាលចរាចណ៍ ដែលបានទៅដល់គោលដៅកើតហេតុមុនគេ អាចនិងជួយសង្គ្រោះបឋមបានទាន់ពេលវេលា។
លោកបន្តថាកន្លងទៅ នៅពេលមានគ្រោះអគ្គីភ័យតូចតាច ឬគ្រោះថ្នាក់ចរាចណ៍បង្កឱ្យមានអគ្គីភ័យ គឺតែងកើតចេញពីចំណុចតូចមួយ ក៏ប៉ុន្តែបើទោះបីជាមន្រ្តីនគរបាលចរាចរណ៍ទៅដល់គោលដៅកើតហេតុមុនគេ ក៏ដោយ ក៏មិនធ្លាប់បានជួយពន្លត់អគ្គីភ័យទេ គឺបានត្រឹមតែជួយបញ្ជៀសចរាចរណ៍ កុំឱ្យកកស្ទះប៉ុណ្ណោះ ដោយសារតែគ្មានឧបករណ៍ពន្លត់អគ្គីភ័យ។ ប៉ុន្តែចាប់ពីពេលនេះតទៅ ប្រសិនបើមានករណីអគ្គីភ័យទំហំតូចកើតឡើង គឺមន្រ្តីនគរបាលចរាចរណ៍ដែលបានទៅដល់គោលដៅមុនគេ គឺអាចជួយសង្គ្រោះអគ្គីតូចតាច បានទាន់ពេល។
លោកវរសេនីយ៍ឯក ជឹម សុវណ្ណបានឱ្យដឹងថាការបំពាក់ឧបករណ៍ពន្លត់អគ្គីភ័យខ្នាតតូច ដល់ក្រុមម៉ូតូចល័តនៃកម្លាំងប៉ូលីសចរាចរណ៍ផ្លូវគោកចំនួន៧ម៉ូតូនោះ គឺគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ ហើយនៅពេលខាងមុខ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានគំរោងបំពាក់ទៅលើម៉ូតូចល័តឱ្យបានច្រើនបន្ថែមទៀត។
ជាមួយគ្នានេះដែរ ដើម្បីឱ្យមន្រ្តីនគរបាលចរាចរណ៍ចេះប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យនេះឱ្យបានត្រឹមត្រូវតាមបច្ចេកទេស មន្រ្តីជំនាញនៃការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏កំពុងជួយបង្ហាត់បង្រៀនអំពីរបៀបរក្សាទុកបំពង់ពន្លត់អគ្គីភ័យនិងរបៀបប្រើប្រាស់ឱ្យបានត្រឹមត្រូវដោយមានការហាត់សមជាក់ស្តែងផងដែរ។
ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏សូមជំរាបដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យដឹងថាចាប់ពេលនេះតទៅ ប្រសិនបើមានករណីគ្រោះថ្នាក់ចរាចរណ៍ ហើយបង្កឱ្យមានអគ្គីភ័យ ឬក៏ឃើញមានអគ្គីភ័យ ចាប់ផ្តើមឆេះដំបូងក្នុងទំហំតូច សូមទាក់ទងមកមន្រ្តីនគរបាលចរាចរណ៍ ដែលមានលេខទំនាក់ទំនងបិទនៅតាមគ្រប់ប៉ុស្តិ៍ទាំងអស់របស់នគរបាលចរាចរណ៍នៅតាមដងផ្លូវ។
នេះជាលើកដំបូងហើយដែលនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាបបានបំពាក់បំពង់ពន្លត់អគ្គីភ័យបឋម នៅតាមម៉ូតូចល័ត ដើម្បីធ្វើការងារជួយសង្គ្រោះឱ្យបានទាន់ពេលវេលា នៅពេលមានគ្រោះថ្នាក់ចរាចរណ៍បង្កឱ្យមានអគ្គីភ័យកើតឡើងនោះ៕





































