សៀមរាប៖ ក្រុមអ្នកជំនាញការចំពោះកិច្ចអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) បានចុះត្រួតពិនិត្យការងារជួសជុលតាមការដ្ឋានមួយចំនួនក្នុងរមណីយដ្ឋានអង្គរ។ ការអញ្ជើញចុះត្រួតពិនិត្យនាពេលនេះ មានការចូលរួមពីលេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ ថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិអប្សរា នៅតាមការដ្ឋានមួយចំនួនរួមមាន ប្រាសាទព្រហ្មកិល ច្រាំងកសិន្ធុខាងជើង និងខាងត្បូងប្រាសាទអង្គរវត្ត ស្រះខាងជើងប្រាសាទអង្គរវត្ត និងគម្រោងស្ពានហាលប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នេះ។
ការចុះត្រួតពិនិត្យ ផ្លាស់ប្តូរយោបល់គឺជាសកម្មភាពចាប់ផ្តើមមុននឹងដំណើរការនៃកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ទាំងគម្រោងរបស់អាជ្ញាធរជាតិអប្សរា និងគម្រោងដៃគូអន្តរជាតិ ដើម្បីអ្នកជំនាញផ្តល់អនុសាសន៍ ចំណុចដែលត្រឹមត្រូវ ឬចំណុចត្រូវកែលម្អ ឱ្យការងារទាំងនោះដំណើរការល្អ និងស្របតាមលក្ខខណ្ឌនៃធម្មនុញ្ញអង្គរ។ បន្ថែមពីនេះ ក្រុមអ្នកជំនាញនឹងរៀបចំជារបាយការណ៍នៃការចុះត្រួតពិនិត្យនេះ សម្រាប់ពិភាក្សា និងផ្តល់យោបល់បន្ថែម ក្នុងកិច្ចប្រជុំធំនៃគណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ។
ការចុះតាមការដ្ឋាននេះ ធ្វើឡើងរយៈពេលមួយសប្ដាហ៍ តាមទីតាំងផ្សេងៗដូចជាប្រាសាទលលៃ ប្រាសាទបាគង ប្រាសាទបន្ទាយស្រី ប្រាសាទមេបុណ្យខាងលិច ប្រាសាទនាគព័ន្ធ ប្រាសាទព្រះខ័ន ប្រាសាទចៅសាយទេវតា ប្រាសាទធម្មនន្ទ ផ្លូវទស្សនាថ្មើរជើងលើកំពែងក្រុងអង្គរធំ។ល។
សូមបញ្ជាក់ថា គណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ នឹងរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣៥ និងកិច្ចប្រជុំពេញអង្គលើកទី២៨ នៅថ្ងៃទី២៤ និង២៥ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារ សូហ្វីតែល អង្គរភូគីត្រា ដែលមានសហប្រធានបារាំង និងជប៉ុន ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា៕