ពាក់កណ្តាលខែមីនានេះកម្លាំងសមត្ថកិច្ចនគរបាល ក្រុងកំពង់ឆ្នាំងបានអប់រំណែនាំដល់អ្នកបើកបររថយន្តសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា

0

ខេត្តកំពង់ឆ្នាំង៖ កម្លាំងអធិការនគរបាលក្រុងកំពង់ឆ្នាំង នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២២ បានចុះអនុវត្តត្រួតពិនិត្យបទល្មើសច្បាប់ចរាចរណ៍ នាពេលយប់លើកំណាត់ផ្លូវជាតិលេខ ៥ ក្នុងភូមិសាស្ត្រតាមបណ្ដោយផ្លូវជាតិលេខ៥ក្នុងក្រុងកំពង់ឆ្នាំង ដើម្បីរិតបន្តឹងច្បាប់ចរាចរណ៍ ។

លោក ឆាយ ខេមរ័ត្ន អធិការនគរបាលក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា៖ ដោយអនុវត្តតាមផែនការរបស់លោកឧត្តម
សេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ស្ដីពីការត្រួតពិនិត្យបទល្មើសចរាចរណ៍នាពេលយប់ មន្ត្រីនគរបាល របស់អធិការនគរបាលក្រុងកំពង់ឆ្នាំង បានចាប់អនុវត្តត្រួតពិនិត្យតាមគោលដៅផ្លូវជាតិលេខ ៥ ក្នុងភូមិសាស្ត្រ ក្នុងក្រុង លើបទល្មើសរបស់រថយន្តដែលល្មើសច្បាប់ចរាចរណ៍ដូចជា៖ រថយន្តបំពាក់និងតុបតែងភ្លើងបំភ្លឺខុសលក្ខណៈ បច្ចេកទេស ,រថយន្តដែលដឹកទំនិញ សំពីងសំពោង, រថយន្តតទ្រុង និងកែខុសបច្ចេកទេស, រថយន្តដឹកលើសចំណុះ,
រថយន្តបើកបរល្បឿនលឿនហួសកំណត់, និងអ្នកបើកបររថយន្តផ្ទុកដោយគ្រឿងស្រវឹងជាដើម ។

លោកអធិការនគរបាលក្រុងកំពង់ឆ្នាំង បានបញ្ជាក់ថា៖ នេះជាជំហានទី១ ដោយអនុវត្តក្នុងរយៈពេលមួយសប្តាហ៍ ។

រាល់បទល្មើសទាំងអស់មានដូចជាដឹកលើសចំណុះ រថយន្តបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេស ត្រូវណែនាំអប់រំនិងដោះចេញនៅនិងកន្លែង (ត្រួតពិនិត្យ) តែម្ដង សម្រាប់អ្នកបើកបរមានជាតិស្រវឹងត្រូវឃាត់ទុកមួយយប់ និងព្រឹកបន្ទាប់អប់រំឱ្យបន្តដំណើរទៅមុខទៀត ។

ដោយឡែក ជំហានទី ២ នៅសប្តាហ៍ក្រោយ (ប្រហែលថ្ងៃ២៤ឬ២៥ខែមីនា និងអនុវត្តទៅតាមផ្លូវច្បាប់រាល់រថយន្តមានបទល្មើសដូចបានរៀបរាប់ខាងលើ ។

លោកអធិការនគរបាលក្រុងកំពង់ឆ្នាំង ក៏បានបន្ថែមទៀតថា៖ ការអនុវត្តបែបនេះគឺដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ ជៀសវាងការកើតឡើងគ្រោះថ្នាក់ចរាចរណ៍ដោយសារតែ ការបើកបរដោយគ្រឿងស្រវឹង, ការបើកបរដោយហួសល្បឿនកំណត់, ការបើកបរដោយផ្ទុកសំពីងសំពោងនិងលើសចំណុះ ខុសបច្ចេកទេសជាដើម។

ជាមួយគ្នានេះលោកអធិការនគរបាលក្រុងកំពង់ឆ្នាំង ក៍បានអំពាវនាវដល់អ្នកបើកបររថយន្តគ្រប់ប្រភេទ សូម
មេត្តាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលតែងកើតឡើងដោយការទ្វេសប្រហែស
របស់អ្នកបើកបរ៕ សុខ គឹមសៀន