ខេត្តកំពង់ឆ្នាំង៖ កម្លាំងការិយាល័យផលិតកម្ម នឹងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២២ បានចុះពិនិត្យព្យាបាលនិងចែកថ្នាំសម្រាប់ព្យាបាលសត្វគោក្របី ដល់ប្រជាពលរដ្ឋ ចំនួន៤ភូមិឃុំច្រណូក ស្រុកកំពង់លែង ។
លោក ហ៊ុន លី អនុប្រធានការិយាល័យ ផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា៖ ដោយមានរយកចិត្តទុកដាក់ពីលោកប្រធានមន្ទីរកសិកម្ម ក៏ដូចជាលោកប្រធានការិយាល័យ ពេទ្យសត្វខេត្ត កំពង់ឆ្នាំង ដែលទទួលព័ត៌មានថា នៅឃុំច្រណូក ស្រុកកំពង់លែង មានគោក្របី របស់ប្រជាពលរដ្ឋកើតជំងឺអុតក្តាម ថ្ងៃនេះមន្ត្រីពេទ្យសត្វ ខេត្ត បានចុះមកពិនិត្យនិងព្យាបាលសត្វគោក្របី របស់ប្រជាពលរដ្ឋ នៅក្នុងឃុំច្រណូក ស្រុកកំពង់លែង ដែលកំពុងកើតជំងឺអុតក្តាម ។
ជាមួយនឹងការព្យាបាល និងបានបង្ហាញពីវិធីព្យាបាលដល់បងប្អូនប្រជាពលរដ្ឋឱ្យបងប្អូនប្រជាពលរដ្ឋបានឃើញដើម្បីយកទៅអនុវត្តតាម មន្ត្រីជំនាញ ក៏បានចែកនូវថ្នាំ ម្លូមេទីឡែន ដល់កសិករដែលមានសត្វឈឺចំនួន ១២០ដប ដល់បងប្អូនប្រជាពលរដ្ឋកសិករចំនួន១២០គ្រួសារ សម្រាប់យកទៅព្យាបាលដោយខ្លួនឯង ជាមួយគ្នានោះក៏បានផ្ដល់ថ្នាំសម្រាប់ព្យាបាល ផ្តល់សេរ៉ាងនិងម្ជុល ដល់មន្ត្រីពេទ្យសត្វស្រុកនិងពេទ្យភូមិចំនួន ៤នាក់ ដែលមកពីភូមិឯលិច ភូមិកណ្ដាល ភូមិធ្លក និងភូមិកង្កែប ផងដែរ។
លោក ហ៊ុន លី ក៏បានបញ្ជាក់ដែរថា៖ ក្រៅពីធ្វើវិធីព្យាបាលដើម្បីឲ្យប្រជាពលរដ្ឋបានឃើញនិងអនុវត្តតាម និងចែកថ្នាំ មន្ត្រីជំនាញ និងបានអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ថែរក្សាសត្វពាហនៈដោយបានល្អ ដើម្បីជាសវាងពីជម្ងឺឆ្លងផ្សេងៗជាច្រើនប្រភេទ ដោយត្រូវឱ្យសត្វដេកលើទីទួលដែលគ្មានភក់ជ្រាំ ព្រោះថាមេរោគតែងតែនៅនឹងភក់ជ្រាំ បង្កកើតជំងឺអុតក្តាម និងជម្ងឺផ្សេងទៀត ដល់សត្វគោក្របីរបស់បងប្អូន ហើយប្រសិនបើសត្វពាហនៈរបស់បងប្អូនកើតនៅជម្ងឺអ្វីមួយ មានដូចជា សាទឹក បុសខ្យល់ ត្រូវរាយការណ៍ទៅមន្ត្រីពេទ្យសត្វស្រុកនិងពេទ្យភូមិជាបន្ទាន់ ៕ សុខ គឹមសៀន