ប្រព័ន្ឋស្បៀងបម្រុងកម្ពុជា បានបន្តផ្តល់គ្រាប់ពូជបន្លែដោយឥតគិតថ្លៃជូនដល់កសិករ ដើម្បីជំរុញការដាំដុះបន្លែ សុវត្ថិភាព នៅខេត្តសៀមរាប

សៀមរាប៖ លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានរៀបចំពិធីចែកជូនគ្រាប់ពូជបន្លែដោយឥតគិតថ្លៃជូនដល់កសិករ និងកម្មករ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព ជាលក្ខណៈគ្រួសារ នៅបរិវេណវត្តកំពង់ក្តី ស្រុកជីក្រែង។

លោក ប្រាក់ សោភ័ណ អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការផ្តល់គ្រាប់ពូជបន្លែដោយ ឥតគិតថ្លៃ គឺដើម្បីជំរុញការដាំដុះ បន្លែសុវត្ថិភាពជាលក្ខណៈគ្រួសារ ជាការជួយបង្កើតការងារ និងលើកកម្ពស់ជីវភាព រស់នៅ ប្រចាំថ្ងៃដល់បងប្អូនប្រជាពលរដ្ឋ ដែលជួយផ្តល់អត្ថប្រយោជន៍ និងផ្តល់ផលចំណេញដល់ពួកគាត់ ដោយបាន កាត់បន្ថយការចំណាយថវិកាទៅទិញនៅទីផ្សារ ចំណេញដល់សុខភាព ព្រោះយើងដាំដុះ និងថែទាំដោយខ្លួនឯង មិនបារម្ភពីបន្លែមានប្រើជីគីមី ឬបន្លែនាំចូលពីក្រៅឡើយ។

ជាមួយគ្នានោះ ឯកឧត្តម បណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា បានលើកឡើងថា កន្លងមកយើងបានផ្តល់ និងចែកជូនគ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗ រួចមកហើយក្នុងខេត្តសៀមរាប ដោយលើកទី១ កាលពីឆ្នាំ២០១៨ បានផ្តល់ជូនចំនួន ២៩,៤៣១គ្រួសារ លើកទី២ ឆ្នាំ២០១៩ បានផ្តល់ជូនចំនួន ១៦,៧៩៩គ្រួសារ និងលើកទី៣ បានផ្តល់ជូនចំនួន ១៤,៦៧៤គ្រួសារ។ ជាក់ស្តែងនៅឆ្នាំ២០២២នេះ ក៏បានបន្តធ្វើការចែកជូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបជាបន្តបន្ទាប់ ដែលមានចែកពូជបន្លែដូចជា ត្រកួន ត្រប់ ប៉េងប៉ោះ និងស្ពៃចង្កើះ ដល់គ្រួសាររងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ប្រមាណ ៤,៩៥១នាក់ មកពីឃុំចំនួន១២ នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប និងបន្តចែកជូនដល់គ្រួសារកសិករនៅក្នុងក្រុងសៀមរាប ស្រុកវ៉ារិន ស្រុកអង្គរជុំ ស្រុកអង្គរធំ និងស្រុកបន្ទាយស្រី នៅថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០២២នេះ ជាបន្តបន្ទាប់ផងដែរ។

ឯកឧត្តម សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ ដែលបានទទួលនូវពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗនេះ នឹងយកទៅធ្វើការដាំដុះឱ្យបានទាន់ ពេលវេលាស្របតាមលក្ខណៈបច្ចេកទេស និងស្នើដល់រដ្ឋបាលស្រុក ឃុំ ភូមិ បន្តផ្តល់នូវគោលការណ៍ណែនាំផ្សេងៗបន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋដែលទទួលបាននូវពូជបន្លែនេះ បានទទួលនូវផលប្រយោជន៍ នៃការដាំដុះនៃពូជទាំងនេះ ដើម្បីស្តារជីវភាពបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងបន្តកិច្ចសហការជាមួយក្រុមការងារ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋនៅតាមបណ្តាភូមិ ឃុំដទៃទៀត៕