ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញ សម្ពោធផ្លូវជាង ២០គីឡូម៉ែត្រនិងបេីកការដ្ឋានសាងសង់ស្ពាន៩កន្លែងនៅ ស្រុកស្រីសន្ធរ

ខេត្តកំពង់ចាម ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត នាព្រឹក ថ្ងៃទី ១៧ ខែមិនា ឆ្នាំ ២០២២ នេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុង និងផ្លូវកៅស៊ូ ១ខ្សែ ប្រវែងជាង ២០គីឡូម៉ែត្រ ព្រមទាំងបើកការដ្ឋានសាងសង់ ស្ពានបេតុង ចំនួន៩កន្លែង នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលទាំងនេះបានកើតចេញពីកម្លាំងរួបរួមសាមគ្គីភាព រវាងវិស័យឯកជនដែលមានក្រុមហ៊ុនប៉េង ហួត គ្រុប និងក្រុមហ៊ុន បុរីអង្គរ ភែលេស ចូលរួមចំណែកជាមួយរាជរដ្ឋភិបាលក្នុងការកសាងផ្លូវ និងស្ពានទាំងនេះទ្បើង ដើម្បីនាំមកនូវក្តីសង្ឃឹម ជួយសម្រួលការរស់នៅប្រកបរបរប្រចាំថ្ងៃ បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរឱ្យកាន់តែចម្រើនរុងរឿងថែមទៀត។ ទាំងនេះកើតមានទៅបាន គឺដោយឈរលើស្មារតី “សិល្បៈនៃការចែករំលែក” ក្រោមដំបូលនៃសុខសន្តិភាព និងវឌ្ឍនភាពនៃសង្គមជាតិ។

ជាមួយគ្នា នោះ ឯកឧត្តម ហ៊ុន ម៉ាណែត បាន បញ្ជាក់ ថា ប្រជាពលរដ្ឋកម្ពុជាមានភ័ព្វសំណាងដែលមាន សម្តេចតេជោនាយករដ្ឋមន្រ្តី ជាអ្នកដឹកនាំ ប្រកបដោយចក្ខុវិស័យខ្ពស់ ហើយដែលបំណងប្រាថ្នាដ៏ធំបំផុតរបស់ សម្តេចតេជោ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសេចក្តីសុខ និងភាពចម្រុងចម្រើនទាំងផ្លូវកាយ ដែលសំដៅទៅលើ ការរីកធំធាត់លូតលាស់រាងកាយ សុខភាព និងសមត្ថភាពបញ្ញា ក៏ដូចជាសេចក្តីសុខស្ងប់ផ្នែកផ្លូវចិត្ត គឺសំដៅទៅលើការមិនព្រួយបារម្ភអំពីបញ្ហាសង្គ្រាម និងអសន្តិសុខនានា ដោយសម្តេចតេជោ បាននាំមកនូវសុខសន្តិភាព និងសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ព្រមទាំងបង្កលក្ខណៈឱ្យមានការជួយគាំទ្រ និងចែករំលែកជួយគ្នាទៅវិញទៅមក ដើម្បីភាពសុខដុមរមនានៅក្នុងសង្គម។

បេីតាម សេចក្តី រាយការណ៍ របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា ចំពោះ វិស័យកសិកម្មនៅក្នុងខេត្ត ក៏កំពុងមានការប្រែប្រួលថ្មី តាមរយៈការយល់ដឹង ការប្រែប្រួលទម្លាប់អន់ថយ ការផលិតសម្រាប់តែផ្គត់ផ្គង់គ្រួសារទៅជាការផលិតសម្រាប់បម្រើឲ្យការនាំចេញ។ ដោយប្រជាពលរដ្ឋចេះប្រើប្រាស់ពូជ ជី ថ្នាំសម្លាប់សត្វល្អិត ការធ្វើស្រូវមួយឆ្នាំ២ ទៅ៣ដង ហើយផលិតកម្មកសិកម្មភាគច្រើនប្រើប្រាស់គ្រឿងចក្រ។
ចំពោះបណ្តាញអគ្គិសនី បានភ្ជាប់ឲ្យប្រើប្រាស់ ចំនួន ៩១៤លើ ៩២៣ភូមិ ស្មើនឹង ៩៩,០២% ចំណែកវិស័យទឹកស្អាត ក្នុងខេត្ត កំពង់ចាម ក៏មានវិសាលភាពគ្របដណ្តប់នៅទូទាំងខេត្តបានចំនួន ១០៧ លើ១០៩ឃុំ-សង្កាត់ ស្មើនឹង ៩៨,១៦% និងភូមិចំនួន ៨៧០ភូមិ លើ ៩២៣ភូមិ ស្មើនឹង ៩៤,២៥% ផងដែរ ៕