ខេត្តកំពង់ធំៈ ប្រជាពលរដ្ឋនឹកហួសចិត្ត តែមន្រ្តីសមត្ថកិច្ចថ្នាក់មូលដ្ឋានអសមត្ថភាព ក្នុងការលុបបំបាត់ល្បែងស៊ីសង ដែលមានទីតាំងនៅភូមិរលួស ឃុំស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទើបសុំអង្វរយ៉ាងទទូច ដល់លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោក ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ មេត្តាជួយលុបបំបាត់ល្បែងស៊ីសងទាំងនេះផង ដើម្បីឲ្យសមជាការអនុវត្តគោលនយោបាលភូមិឃុំមានសុវត្តិភាពទាំង៧ចំនុចរបស់រាជរដ្ឋាភិបាល។
សេចក្តីរាយការណ៍បានបញ្ជាក់ថា បនល្បែងស៊ីសង ដែលបានធ្វើសកម្មភាពជារៀងរាល់ថ្ងៃ មិនខ្លាចញញើតច្បាប់ បានដាក់ទីតាំងនៅភូមិរលួស សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមានក្រុមអ្នកញៀនល្បែង មិនតិចជាង៣០ទៅ៤០នាក់ និងដាក់ដើមផាន់រាប់លាន ដើម្បីផ្សងសំណាងពីការលេងល្បែងស៊ីសង ដូចជាបៀរ អាប៉ោង ដែលមានម្ចាស់គ្រប់គ្រងភាគហ៊ុនធំ ឈ្មោះលោក ខា និងលោកស្រី ឃីន ជាមេញៀនល្បែងស៊ីសង ជាយូរណាស់មកហើយ។
ប្រភពត្រូវបានបន្តថា បនល្បែងស៊ីសងទាំងនេះ បានជ្រកក្រោមឃ្លៀករបស់សមត្ថកិច្ចនៃអធិការក្រុងស្ទឹងសែន ជាយូរណាស់មកហើយ ទាំងមន្រ្តីប៉ុស្ត៍ ទាំងសមត្ថកិច្ចមួយចំនួនធំ សុទ្ធតែបានដឹងយ៉ាងច្បាស់ តែក្រុមមន្រ្តីគ្រាប់ល្ពៅស្ងោរទាំងនេះ មិនមានវិធានការក្នុងការបង្រ្កាបបនល្បែងស៊ីសងទាំងនេះឡើយ តែបែរជានាំគ្នា ដើរផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋ គោរពអនុវត្តគោលនយោបាលភូមិឃុំមានសុវត្តិភាពទាំង៧ចំនុច ដែលត្រូវបានគេដឹងថា ធ្វើឲ្យតែបានដើម្បីបំពេញ អនុសាសន៍ណែនាំរបស់ សម្តេច ក្រឡាហោម សរ ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យលុបបំបាត់ ល្បែងស៊ីសង ។
មហាជនបានត្រឹមតែអស់សង្ឃឹមនូវការអនុវត្តច្បាប់ របស់សមត្ថកិច្ចមួយចំនួន ដែលស៊ីប្រាក់ខែរាស្រ្ត រាស្រ្តបង់ពន្ឋរាល់ខែឲ្យបំពេញតួនាទី ការពារសុខសុវត្តិភាពជូនប្រជាពលរដ្ឋ តែបែរជាទៅបំរើឲ្យបនល្បែស៊ីសងទៅវិញ និងឈរទទឹងចាំមើលថា តើមានអស់លោកណាខ្លះ ហ៊ានបំពេញតួនាទីជូនរាស្រ្ត បង្រ្កាបបនល្បែងស៊ីសងទាំងនេះ ។
ដោយ ប៊ុន រដ្ឋា